ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប លើកញ្ចប់ថវិកាប្រមាណ ពី ១០០ ទៅ ១៥០ លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅ ទីស្តីការក្រសួង មានបើកកិច្ចប្រជុំ ស្តីពី គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងទាំងបី ផងដែរ។

សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកា ប្រមាណពី ១០០ ទៅ ១៥០ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ-១៩។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួមខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងសិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាចចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ ។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

អង្គប្រជុំបានសម្រេចឯកភាពគ្នាថា៖ ប្លង់នៃការសិក្សាលម្អិត និងផែនការនៃការអនុវត្តគម្រោងនេះ នឹងត្រូវបង្ហាញជូន ក្នុងកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលគ្រោងនឹងធ្វើឡើង នៅក្រុងសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ៕

ដោយ៖សិលា


ចែករំលែក៖