ខេត្តកំពង់ធំ៖ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកទៅផ្តល់ជូនគ្រួសារអតីតយុទ្ធជន០៥គ្រួសារ និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន០៥គ្រួសារ ដែលរស់នៅក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងសាលាបឋមសិក្សាភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពី ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់នូវស្បៀងអាហារ និងថវិកាទាំងនេះសម្រាប់ឱ្យថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីយកទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ។
លោកមេបញ្ជាការ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបរ រកទទួលទាន ប្រកបដោយសុចរិតទៀងត្រង់ កុំធ្វើអ្វីដែលខុសទៅនឹងច្បាប់ដែលបានហាមឃាត់ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះអំណោយទាំងនេះបានជួយដោះស្រាយការលំបាករបស់បងប្អូន តែមួយរយៈពេលប៉ុណ្ណោះ និងសូមឱ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសុខភាព ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងបានសំណូមពរដល់មាតាបិតាសិស្សដែលមានកូន បានចូលរៀនឡើងវិញ ត្រូវអប់រំណែនាំកូនចៅឱ្យចេះការពារខ្លួនទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងបងប្អូនគ្រួសារអតីតយុទ្ធជនមានចិត្តរំភេីបសប្បាយរីករាយ និងសូមគោរពជូនពរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានផ្តល់ស្បៀងអាហារ និងថវិកាចំពេលដែលពួកគាត់កំពុងមានការខ្វះខាត៕
ដោយ៖ សិលា