ខេត្តកណ្តាល៖«មូលដ្ឋានខ្ញុំក្មេងប្រើប្រាស់ចែកចាយថ្នាំញៀនជុំជិតហើយ ។ ខ្ញុំទើបបញ្ជូនក្មួយខ្ញុំទៅមណ្ឌលបន្សាបគ្រឿងញៀនបានប្រហែល១០ថ្ងៃទេ ។ បើនៅតែបែបនេះទៀត ភូមិស្រុកខ្ញុំនឹងទៅជាបែបណា ខ្ញុំត្រូវរស់នៅក្នុងសង្គមមួយដែលពោរពេញដោយគ្រឿងញៀន និងភាពភ័យខ្លាចដូច្នេះឬ ? សូមជួយអន្តរាគមន៍ផងទាន ។ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល»។
នេះជាខ្លឹមសាររបស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ចូលក្នុងហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
បញ្ហានេះ ខាងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ក្រោយពីទទួលបានព័ត៌មាននេះ , លោកវរសេនីយ៍ទោ ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានចាត់កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ធ្វើការស្រាវជ្រាវនិងឆ្លើយតបដូចខាងក្រោម ៖
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍អរិយក្សត្រ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ដោយមានសំណូមពរពីអាណាព្យាបាលសូមឲ្យសមត្ថកិច្ចយកកូនរបស់គាត់ឈ្មោះ ធឿន ផានុន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ជូនយកទៅដាក់មណ្ឌលអប់រំ កែប្រែ និងបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលមិនដែលព្រងើយកន្តើយក្នុងការចាត់វិធានការចំពោះបទល្មើសគ្រឿងញៀនឡើយ តែងតែមានវិធានការដូចជា ៖
– វិធានការផ្សព្វផ្សាយអប់រំៈ នគរបាលប៉ុស្តិ៍អរិយក្សត្រ តែងតែចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនគរបាលជួបជាមួយសហគមន៍ ជាប្រចាំ។
– វិធានការបង្រ្កាប: កម្លាំងជំនាញតែងតែចុះធ្វើការស្រាវជ្រាវបង្រ្កាបជានិច្ច នៅក្នុងឃុំអរិយក្សត្រកន្លងមកបានបង្រ្កាប និងចាប់បញ្ជូនជនសង្ស័យទៅព័ន្ធនាគារនៅមុខសញ្ញាជាច្រើន ប៉ុន្តែនៅសេសសល់ខ្លះៗកម្លាំងកំពុងស្រាវជ្រាវ និងចាត់ការបន្ត។
– វិធានការស្តារនីតិសម្បទាៈ កម្លាំងត្រៀមជាប្រចាំសម្រាប់សហការដើម្បីនាំយកប្រជាពលរដ្ឋញៀនគ្រឿងញៀនទៅដាក់មណ្ឌលអប់រំ កែប្រែ និងបន្សាបគ្រឿងញៀន។
ជាចុងក្រោយ ក្នុងនាមសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានសហការរាយការណ៍ផ្តល់ព័ត៌មានផ្សេងៗដល់សមត្ថកិច្ច ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព ក្នុងសហគមន៍ឲ្យកាន់តែល្អប្រសើរ ៕ ដោយ៖ចេស្តា