ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកមានគម្រោងឲ្យតំណាងរាស្ត្រទាំងអស់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ទិញមកពីប្រទេសរុស្ស៊ី ។
ប្រធានាធិបតីវេណេហ្ស៊ុុយអេឡា បានឲ្យដឹងថា លោកបានស្នើចាក់វ៉ាក់សំាងទៅក្រុមតំណាងរាស្ត្រមុនគេ គឺមុនការបោះឆ្នោតនៅថ្ងៃទី៦ ខែធ្នូ ដើម្បីធានាសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់មិនឆ្លងកូវីដ-១៩។
ប្រធានាធិបតីម៉ាឌូរ៉ូបានបញ្ជាក់ថា «ខ្ញុំស្នើតំណាងរាស្ត្រទាំងអស់ចាក់វ៉ាក់សំងបង្ការរបស់រុស្ស៊ី ពិសេសគឺបេក្ខភាពតំណាងរាស្ត្រទាំង១៤.៤០០នាក់ដែលឈរឈ្មោះបោះឆ្នោត ។
ការចាក់វ៉ាក់សាំងគឺដើម្បីសន្តិសុខ សុវត្ថិភាព ក្នុងពេលឃោសនាបោះឆ្នោត។
លោកម៉ាឌូរ៉ូបញ្ជាក់ថា វ៉ាក់សាំង របស់រុស្ស៊ី នឹងបញ្ជូនមកដល់វេណេហ្ស៊ុយអេឡា ដើម្បីសាកល្បងដំណាក់កាលទី៣នៅខែកញ្ញានេះ ។ ចំណែកវ៉ាក់សាំងផ្សេងទៀត នឹងបញ្ជូនមកដល់វេណេហ្ស៊ុយអេឡា ក្នុងខែតុលាឆ្នាំ២០២០។
កាលពីខែសីហាកន្លងមករុស្ស៊ីគឺជាប្រទេសទីមួយនៅលើពិភពលោកដែលបានអនុម័តវ៉ាក់សាំងជាផ្លូវការ មានឈ្មោះSputnik Vស្រាវជ្រាវនិងផលិតដោយGamaleya។ វ៉ាក់សាំងរបស់រុស្ស៊ីទទួលបានការបញ្ជាទិញពី២០ប្រទេសនៅជុំវិញពិភពលោកសរុបជាង១ពាន់លានដូស៕
ដោយ៖ធី រីណា