អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីដើមសប្តាហ៍នេះ បានប្រកាសពីបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ ក្រោយមើលឃើញពីសន្ទុះនៃការបញ្ជាទិញតាមអនឡាញ ខណៈចំណាត់ការបិទប្រទេសនៅតែបន្ដដាក់។រដ្ឋាភិបាលថៃអះអាងថា ការផ្សព្វផ្សាយតាមអនឡាញ គឺនាំក្មេងៗមិនទាន់គ្រប់អាយុចេះផឹកស្រា។
ជាក់ស្តែងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០នេះ អាជីវករលក់គ្រឿងស្រវឹងនៅប្រទេសថៃ បានដាក់ញត្តិមួយទៅកាន់សភាថៃដើម្បីតវ៉ាប្រឆាំងបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ។ ពួកគេអះអាងថា ការដាក់បម្រាមរបស់រដ្ឋាភិបាលបែបនេះ គឺប៉ះពាល់ដល់អាជីវកម្មខ្នាតតូច។
លោក Supapong Pruenglampoo តំណាងបណ្ដាញអាជីវករលក់គ្រឿងស្រវឹងជនជាតិថៃម្នាក់ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្រោយក្រុមខ្លួនបានដាក់ញត្តិរួចរាល់ទៅឲ្យសភាថៃ ថា៖«កុំប្រើលេសយុវជនមកដាក់បម្រាមលើការលក់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ»។
លោក Supapong សង្កត់ធ្ងន់ប្រាប់សារព័ត៍មាន Reuters ថា៖ នេះគឺជាបំផ្លាញការធ្វើអាជីវកម្មតាមអនឡាញ។ លោក បន្តថា បម្រាមបែបនេះពុំជួយការពារយុវជនពីគ្រឿងស្រវឹងបានឡើយ ក៏ប៉ុន្តែវាជាវិធីសាស្ត្រមួយដើម្បីបញ្ឈប់អាជីករតូចតាច ហើយផ្តល់ផលចំណេញហាងលក់ទំនិញធំៗ។
សូមជម្រាបថា តាមច្បាប់ថៃ អ្នកល្មើសបម្រាមនេះ នឹងអាចជាប់គុកធ្ងន់បំផុតរហូតដល់៦ ខែ និងបង់ពិន័យជាប្រាក់រហូតដល់១ម៉ឺនបាត ឬ ជាង៣២០ដុល្លារ។ នៅថៃ អាយុស្របច្បាប់ ដែលអាចផឹកគ្រឿងស្រវឹងបាន គឺ២០ឆ្នាំឡើងទៅ ។ ថៃក៏មានច្បាប់តឹងរ៉ឹងលើការលក់គ្រឿងស្រវឹងផងដែរ ដូចជា៖ហាមឃាត់ការលក់នៅក្បែរសាលារៀន និងរឹតត្បិតពេលវេលាសម្រាប់ហាងទំនិញនានាអាចលក់គ្រឿងស្រវឹងបានជាដើម។
គួរបញ្ជាក់ថា នេះពុំមែនជាលើកទីមួយឡើយដែលរដ្ឋាភិបាលថៃបានដាក់ចេញបម្រាមបែបនេះ ។ កាលពីខែមេសាកន្លងទៅ បន្ថែមពីការហាមលក់តាមអនឡាញ អាជ្ញាធរថៃក៏បានហាមឃាត់ការលក់គ្រឿងស្រវឹងនៅតាមហាងផងដែរ ដែលមានរយៈពេល៣សប្ដាហ៍ ខណៈវាគឺជាផ្នែកមួយនៃវិធានការគម្លាតសុវត្ថិភា៕
ដោយ៖ស តារា