ព័ត៌មានទាន់ហេតុការណ៍៖

ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលថាមានជនជាតិវៀតណាម៣នាក់ ឆ្លងជំងឺកូវីដ-១៩ ចេញពីកម្ពុជា ត្រូវខាងក្រសួងសុខាភិបាលកម្ពុជា ច្រានចោលទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ឌឌីន បានប្រកាសថា ក្រសួងសុខាភិបាលកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានផ្សព្វផ្សាយថា មានជនជាតិវៀតណាម ០៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ចេញពីប្រទេសកម្ពុជាជាព័ត៌មានមិនត្រឹមត្រូវទេ។ ករណីនេះគឺពួកគេអាចឆ្លងនៅប្រទេសវៀតណាមតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះសារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា ជនជាតិវៀតណាមចំនួន៣នាក់ ដែលត្រឡប់មកពីកម្ពុជា កាលពីថ្ងៃទី២៥ និង២៦ ខែសីហា ឆ្នាំ២០២០ តាមច្រកម៉ុកបៃ ខេត្តតៃនិញ ត្រូវបានរកឃើញមានវីរុស COVID-19។
សូមជម្រាបថា៖ ថ្ងៃនេះមិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ -១៩នៅកម្ពុជា មានដូចខាងក្រោមនេះ៖
គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
+ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៣នាក់ (ស្មើនឹង ៩៩,៦៨% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២១៩នាក់
+ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់ + អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១នាក់ ជាបុរស។ ដោយឡែកករណីជាសះស្បើយ មិនមានអ្នកជាសះស្បើយ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ករណីវិជ្ជមានវីរុសកូវីដ-១៩ មិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខ ភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាព សាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការ ជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេ ហទំព័ររបស់ក្រសួង www.cccc.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកប្រើ ប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៨ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖