កម្លាំងទាហានឆត្រយោងចិនរាប់ពាន់នាក់ និងកម្លាំងទាហានពិសេស បានធ្វើសមយុទ្ធនៅជិតព្រំដែនជាប់តំបន់ដែលមានវិវាទជាមួយឥណ្ឌា ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល ប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ។
បណ្តាញទូរទស្សន៍ជាតិចិន(CCTV) បានផ្សាយថា កងពលពិសេស មកពីទីបញ្ជាការប្រចាំទីបេ និងកម្លាំងឆត្រយោងបាននាំគ្នាធ្វើសមយុទ្ធលោតឆត្រក្នុងកម្ពស់ ៤ពាន់ម៉ែត្រ ។ ទីតាំងដែល ហ្វឹកហាត់នៅខ្ពស់រាបជិតទីបេ ដោយមានការចូលរួមពីទាហានជាង១ពាន់នាក់ និងទាហានថ្មើរជើងជាច្រើនទៀត។
តាមសារព័ត៌មាន(CCTV) ការហ្វឹកហាត់ខាងលើ គឺដើម្បីបង្កើនសមត្ថភាពធ្វើសង្គ្រាមនៅតំបន់ខ្ពង់រាប។ មន្ត្រីយោធាចិនបានបញ្ជាក់ថា ការហ្វិឹកហាត់ខាងលើមិនជាប់ពាក់ព័ន្ធក្នុងវិវាទជាមួយឥណ្ឌានោះឡើយ។
កាលពីចុងខែសីហា កម្លាំងទាហានឆត្រយោងចិនរាប់ពាន់នាក់ និងសម្ភារសឹកជាច្រើនត្រូវបានដឹកជញ្ជូនតាមយន្តហោះXian Y-20ទៅកាន់ខ្ពង់រាបដើម្បីធ្វើសមយុទ្ធផងដែរ។ នៅថ្ងៃទី២៩និង៣០ ខែសីហា ទាហានចិនបានបញ្ជូនរថក្រោះរថពាសដែក ត្រួតពិនិត្យតាមបណ្តោយព្រំដែន(LAC) ដែលមានទាហានឥណ្ឌាយាមល្បាតនៅតំបន់ Pangong Tso-Chushul ។
នៅថ្ងៃទី៩ ខែកញ្ញា ឥណ្ឌាបានបញ្ជូនកម្លាំងទាហាន និងសម្ភារជាច្រើនទៅកាន់តំបន់ Ladakh ជាប់ព្រំដែនជាមួយចិនក្នុងពេលដែលមានវិវាទកាន់តែខ្លាំងផងដែរ។ សកម្មភាពខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំង ពីការប៉ះទង្គិចគ្នាដោយយោធាជាថ្មីរវាងប្រទេសទាំងពីរ ៕ដោយ៖ធី រីណា