ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងស្នាក់ការសន្តិសុខ៧៦១បង្ក្រាបបានរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងប្រគល់ឱ្យជំនាញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើពេញព្រៀបកំពុងតែធ្វើចរាចរណ៍លើដងផ្លូវត្រូវបានកម្លាំងល្បាតនៃស្នាក់ការសន្តិសុខ៧៦១ធ្វើការបង្ក្រាបយកទៅប្រគល់ឱ្យជំនាញ។

ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក សាក់ សាគុណ មេបញ្ជាការកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ បានឱ្យដឹងថា កម្លាំងរបស់លោកតែងតែល្បាតដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិដែលក្រុមឈ្មួញតែងតែលបលួចកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនដោយខុសច្បាប់ និងអនុវត្តតាមបទបញ្ជាពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តទើបរូបលោកបានបញ្ជាកម្លាំងក្រោមឱវាទធ្វើការល្បាតរៀងរាល់ថ្ងៃយប់ក្នុងភូមិសាស្ត្រស្រុកកែវសីមា តាមបណ្តោយផ្លូវជាតិលេខ៧៦Aនេះ។

រថយន្តដែលបង្ក្រាបបាននោះគឺដោយមានការសង្ស័យនិងភ្នាក់ងារសម្ងាត់ក៏បានផ្តល់ដំណឹងផងដែរទើបតាមប្រមាញ់ពីក្រោយហើយក៏ជួបប្រទះឃើញមានឡានដឹកឈើពិតប្រាកដមែនក៏ឈានដល់ការបង្ក្រាបតែម្តង។

ក្នុងពេលតាមប្រមាញ់បង្ក្រាបរថយន្តដឹកឈើនោះ អ្នកបើកបរដឹងខ្លួនក៏ឈប់ហើយចុះរត់គេចខ្លួនទៅតាមក្រោយផ្ទះប្រជាពលរដ្ឋបាត់ស្រមោលទៅដោយទុកតែវត្ថុតាងរថយន្តនិងឈើនៅនឹងកន្លែង ។

កម្លាំងកងរាជអាវុធហត្ថបានរឹបអូសរថយន្តដឹកឈើខាងលើទៅរក្សាទុកនៅស្នាក់ការ៧៦១ដើម្បីធ្វើកំណត់ហេតុប្រគល់ទៅឱ្យរដ្ឋបាលព្រៃឈើកែវសីមាចាត់ការបន្តតាមច្បាប់ព្រៃឈើ។

រថយន្តដែលបង្ក្រាបបានម៉ាកសាំយ៉ុងពណ៌ស អត់ស្លាកលេខ ផ្ទុកឈើប្រភេទស្រឡៅដែលមានមុខកាត់ធំៗប្រវែង២ម៉ែត្រទៅ៣ម៉ែត្រចំនួន១១កំណាត់ ហើយជំនាញរដ្ឋបាលព្រៃឈើកែវសីមាបានធ្វើការវាស់វែងឃើញមានចំនួន២,៤៩២ម៉ែត្រត្រីគុណ។

ឈើរក្សាទុកនៅរដ្ឋបាលព្រៃឈើកែវសីមាឯរថយន្តរក្សាទុកនៅស្នាក់ការអាវុធហត្ថ៧៦១រង់ចាំបទបញ្ជាថ្នាក់លើទើបចាត់ការតាមក្រោយ៕ដោយ៖ ជីវ័ន្ត

 


ចែករំលែក៖