ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបន្សល់ទុកផ្កា១បាច់និងស្បែកជើង១គូ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាដោយបន្សល់ទុកនូវផ្កា១បាច់ និងស្បែកជើង១គូ សម្រាប់ជូនក្រុមគ្រួសារតែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរនៅលើស្ពានជាមួយមិត្តភក្តិ ហើយក៏ឃើញនារីរូបស្រស់ម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយនៅដៃមានកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខូវប៊យពីក្រៅ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបនេះនៅលើស្ពានតែម្នាក់ឯង។បន្ទាប់មកនារីរូបនោះបានដោះស្បែកជើងទុកនៅក្បែរបាច់ផ្កា រួចហើយបានលោតពីលើស្ពានចូលទៅក្នុងទន្លេលិចបាត់ទៅ ហើយភ្លាមៗនោះរូបគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយស្វែងរកជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចរង់ចាំក្រុមគ្រួសារ និងសាច់ញាតិ ដែលបាត់សមាជិកគ្រួសារមករកដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះ៕ ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖