ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដំណឹងដែលបានចេញផ្សាយនៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារអ្វីនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយនោះ គឺជំហររបស់រាជរដ្ឋាភិបាល នៅលើចំណុចនីមួយៗ ឬការអនុវត្តរបស់រាជរដ្ឋាភិបាល ។
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំរបស់មន្ទីរព័ត៌មានខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ ដំណឹងដែលបានចុះផ្សាយក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជាមានជាភាសាខ្មែរ បារាំង និងអង់គ្លេស។ លោកបានលើកឡើងថា ព័ត៌មានគឺជាទំនិញផង ជាអាវុធផង នៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើល ពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះត្រូវតែប្រឹងប្រែងរកព័ត៌មានណាដែលគេចង់មើល ទើបស្ថាប័នព័ត៌មាននោះដំណើរការ ទៅមុខបាន។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ជូនដល់បណ្តាមន្ទីរព័ត៌មានរាជធានី ខេត្ដថា ជារៀងរាល់ខែមិនបាច់ផ្ញើរបាយការណ៍មកក្រសួងព័ត៌មានអំពីការផ្សាយព័ត៌មាន បានប៉ុន្មានអត្ថបទក្នុង១ខែនោះទេ អ្វីដែលក្រសួងចង់ដឹងនោះគឺថា តើនៅក្នុងខែនេះ ប្រជាជនក្នុងខេត្តគិតឬចង់ ដឹងរឿងអ្វីជាសំខាន់។ តើមន្ទីរព័ត៌មាន បានប្រតិកម្មទៅលើចម្ងល់របស់ប្រជាជន យ៉ាងដូចម្តេចខ្លះ។
លោកបានបន្ដថា ក្រសួងព័ត៌មានតែងតែបានណែនាំដល់គ្រប់មន្ទីរព័ត៌មាន ទាំងអស់នៅរៀងរាល់ព្រឹក ត្រូវមានការជួបប្រជុំគ្នា ដើម្បីប្រមូលនូវរាល់ព័ត៌មាន ថាតើថ្ងៃនេះមានរឿងអ្វីកើតឡើងក្នុងខេត្តរបស់ខ្លួន ដើម្បីធ្វើជារបាយការណ៍ដាក់ជូនទៅគណៈអភិបាលខេត្ត តាមរយៈអភិបាលរងទទួលបន្ទុកការងារព័ត៌មាន សម្រាប់ផ្ដល់ឱ្យខេត្តមានប្រតិកម្មឆ្លើយ តបបានទាន់ពេលវាលា ចំពោះព័ត៌មាន ដែលកើតមានឡើងនោះ៕ ដោយ៖សំរិត