ក្លិប Bahia របស់ប្រទេសប្រេស៊ីលបានប្រកាសថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Mano Menezes ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Bahia ជាផ្លូវការហើយ។ បុរសវ័យ៥៨ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល១៥ខែបន្ទាប់ពីការបណ្តេញលោក Roger Machado ចេញកាលពីសប្តាហ៍មុន។
លោក Guilherme Bellintani ប្រធានក្លិប Bahia បាននិយាយនៅលើ Twitter ថា “ឥឡូវនេះយើងកំពុងចាប់ផ្តើមថ្មីមួយ ដោយជើងរបស់យើងនៅលើដី និងឆ្ពោះទៅរកការជោគជ័យថ្មីៗទៀត។ យើងសូមស្វាគមន៍លោក Mano Menezes” ។
លោក Menezes ដែលបានអវត្តមានពីការងារចាប់តាំងពីចែកផ្លូវជាមួយក្លិប Palmeiras កាលពីខែធ្នូនឹងត្រូវបាន Bahia ដែលមានមូលដ្ឋាននៅ Salvador ចរចាឲ្យដឹកនាំរហូតដល់ខែធ្នូឆ្នាំក្រោយ។ ក្លិប Bahia បច្ចុប្បន្នស្ថិតនៅលេខ ១៣ក្នុងតារាងក្រុមទាំង២០នៃក្រុមលីគកំពូលប្រេស៊ីល Serie A ដោយឈ្នះតែ២លើកគត់ពីការប្រកួត៧លើក។
លោក Menezes គឺជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលចាប់ពីខែកក្កដា ឆ្នាំ២០១០ ដល់ខែវិច្ឆិកា ឆ្នាំ២០១២។ លោកក៏ធ្លាប់ដឹកនាំក្រុមមួយចំនួនដូចជា Shandong Luneng, Cruzeiro, Corinthians, Flamengo និង Gremio ក្នុងអាជីពជាគ្រូបង្វឹកដែលមានរយៈពេលជាង២ទសវត្សរ៍ ៕ដោយ៖ភារៈ