ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ..! កម្ពុជាយើង បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយអស់ ១០០% …ហើយគ្មានអ្នកកើតថ្មីនោះទេ

ចែករំលែក៖

ភ្នំពេញ៖ អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។ នេះបើតាមការប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ ជាការព្យាបាលជាអស់អ្នកជំងឺកូវីដ-១៩ជាថ្មីម្តងទៀត ខណៈដែលខែឧសភា កម្ពុជា ធ្លាប់ព្យាបាលអស់អ្នកជំងឺរួចម្តងមកហើយនោះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកជំងឺកូវីដ-១៩ ចុងក្រោយគេ ដែលព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា៖ គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជារកអ្នកកើតជំងឺកូវីដ-១៩ ចំនួន ២៧៤នាក់។ -អ្នកជំងឺទី២៧៤ ដែលព្យាបាលជាចុងក្រោយគេនេះ គឺជាការព្យាបាលជាសះស្បើយ (១០០%) អស់អ្នកជំងឺជាលើកទី២ហើយសម្រាប់កម្ពុជា។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្ពុជា បានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ (១០០%) អស់ម្តងរួចមកហើយ។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខ ភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាព សាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការ ជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖