ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនវ៉ាជែងជ្រុលទៅបុករថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរ:ប៊ុនថាំរុញទៅកៀនបង្កាន់ដៃស្ពាន ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BE-7294 បើកបរនិងរួមដំណើរដោយបុរស២នាក់និងស្ត្រីម្នាក់ ។
ចំណែករថយន្តរងគ្រោះវិញជាប្រភេទរថយន្តទេសចរណ៍ធុនធំដឹកអ្នកដំណើរ របស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3E-6505 រងការខូចខាតតិចតួច។
ប្រភព័ត៌មានពីអ្នកបើករថយន្ដដឹកអ្នកដំណើរបានឲ្យដឹងថា មុនកើតហេតុរូបគាត់កំពុងបើករថយន្តឡើងស្ពានជ្រោយចង្វាចាស់ក្នុងទិសដៅចេញពីរាជធានីភ្នំពេញ ខណ:ធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏មានរថយន្តតូយ៉ូតាព្រូសធ្វើដំណើរស្របទិសគ្នាមកពីក្រោយយ៉ាងលឿន បានវ៉ាជែងខាងស្តាំរថយន្តគាត់តែមិនផុតក៏រេចង្កូតមកខាងឆ្វេងកៀររថយន្ដគាត់ទៅអែបកៀនបង្កាន់ដៃស្ពាន ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែកបង្កាន់ដៃស្ពានរងការបាក់ដែកមួយប្រឡោះធំតែមិនបណ្ដាលឲ្យនរណាម្នាក់ រងរបួសឡើយនៅក្នុងហេតុការណ៍នេះ។
បន្ទាប់ពីបង្កហេតុតំណាងរថយន្តបង្កបានចេញមុខដោះស្រាយដោយពួកគេដោះស្រាយបញ្ចប់រឿងជាមួយរថយន្តរងគ្រោះនៅនឹងកន្លែងកើតហេតុ ដោយសងថ្លៃជួសជុលទៅតាមទំហំ នៃការខូចខាត នៅសល់តែថ្លៃខូចខាត បង្កាន់ដៃស្ពានមិនទាន់អាចដោះស្រាយបាន ដូច្នេះរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ជ្រោយពេជ្រ