អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលថៃ បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការធ្វើបាតុកម្មមួយយប់ និងប្រមូលមនុស្សឲ្យបានមួយសែននាក់ ដើម្បីដើរជាក្បួនទៅកាន់វិមានរដ្ឋាភិបាល នៅសប្តាហ៍ក្រោយនេះ។ ការអះអាងបែបនេះ គឺជាការដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ឲ្យចុះចេញពីតំណែង។
បើតាមសម្តីរបស់មេដឹកនាំនៃរណសិរ្សបង្រួបបង្រួមប្រចាំសាកលវិទ្យាល័យThammasat និងជាមេដឹកនាំបាតុកម្ម អ្នកនាង Panusaya Sithijirawattankul អំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅសាកលវិទ្យាល័យ Thammasat នៅថ្ងៃទី៩ ខែកញ្ញាម្សិលមិញនេះ បាននិយាយថា៖ « យើងនឹងស្នាក់នៅពេញមួយយប់នៅបរិវេណសាកលវិទ្យាល័យនៅថ្ងៃទី ១៩ ខែកញ្ញា និងហែក្បួននៅថ្ងៃបន្ទាប់ ហើយប្រសិនបើមានមនុស្សចូលរួមច្រើន ការប្រមូលផ្តុំនឹងផ្លាស់ទៅ Sanam Luang វិញ»។
សូមជម្រាបថា នេះជាសញ្ញាដែលបាតុកម្មវិលត្រឡប់មកតាមដងផ្លូវជាថ្មី ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចេញពីតំណែង។លោក ប្រាយុទ្ធ ដែលកំពុងដឹកនាំថៃជាមេដឹកនាំស៊ីវិល ឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ក្រោយការតវ៉ាតាមផ្លូវរបស់បាតុករប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ។ ទន្ទឹមនឹងការតវ៉ាសឹងមិនលស់ថ្ងៃលោក ប្រាយុទ្ធ ក៏បានព្រមានថា៖ ថៃនឹងត្រូវហ៊ុមព័ទ្ធដោយអណ្តាតភ្លើងប្រសិនបើការតវ៉ានៅតែបន្តកើតមានបែបនេះ។
ជាមួយគ្នានោះ បាតុករខ្លះក៏បានបន្តអំពាវនាវឲ្យកំហិតអំណាចនៃរាជានិយមរបស់ប្រទេស។ ក្រៅពីការទាមទារឲ្យលោក ប្រាយុទ្ធ លាលែងក្រុមអ្នកតវ៉ាចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ការរំខានយាយីដល់អ្នកប្រឆាំង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរំលាយសភា។
ចំណែកមេដឹកនាំបាតុករម្នាក់ទៀត លោក Parit Chiwarak ដែលត្រូវបានគេស្គាល់ថាជា Penguin ប្រកាសថា បាតុកម្មថ្ងៃទី១៩ ខែកញ្ញាខាងមុខនឹងនិយាយពីការកែទម្រង់របបរាជានិយមម្ដងទៀត។ លោក Parit បានអះអាងទៀតថា ក្រុមបាតុករ មិនមានអាវុធទេ ដូច្នេះប៉ូលីសមិនចាំបាច់ប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពួកគេឡើយ ហើយក៏កុំរំខានដំណើរការតវ៉ានេះដែរ។ ព្រោះក្រុមអ្នកតវ៉ាបានសន្យាថា ពួកគេនឹងធ្វើបាតុកម្មដោយសន្តិវិធី។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថាការប្រមូលផ្តុំគឺត្រូវតែធ្វើឡើងដោយសន្តិភាពនិងស្របច្បាប់ ខណៈរដ្ឋាភិបាលពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ ៕ដោយ៖ស តារា