ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូបោះពួយយ៉ាងលឿនមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបោកផ្ទាប់នឹងរថយន្តរងរបួសធ្ងន់និងស្រាល២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ចំណុចស្តុបចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ។
បេីតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកPCXពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID -8338 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿននិងមិនបានឈប់ភ្លើងស្តុបក្រហមនោះទេ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-2066 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រៃស ក្នុងទិសដៅពីលិចទៅកើតរួចបត់ឆ្វេងមកផ្លូវលេខ២១៧ចំទ្វារឆ្វេងខាងមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូបោកផ្ទាប់នឹងកញ្ចក់រថយន្តរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តត្រូវអំបែងកញ្ចក់ខ្ទាតត្រូវផ្ទៃមុខរងរបួសឈាមស្រោចខ្លួន។ ដោយឡែកមធ្យោបាយម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ