ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃឈើទាំងអស់នៅកាលីហ្វ័រនីញ៉ាត្រូវបិទដោយសារតែភ្លើងឆេះព្រៃ

ចែករំលែក៖

អន្តរជាតិ៖ចំនួនភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ាបានកើនឡើងខ្ពស់​​ បង្ខំឲ្យមន្ត្រីក្នុងរដ្ឋនេះបិទទ្វារតំបន់ព្រៃឈើទាំងអស់​ដើម្បីការពារធានាដល់អាយុជីវិតរបស់ពលរដ្ឋ ។
កាលពីថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងព្រៃឈើក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា​​អាមេរិក បានប្រកាសឲ្យដឹងថា មានព្រៃឈឺចំនួន​១០កន្លែងទៀតនៅក្នុងរដ្ឋនេះត្រូវបានបិទ ដើម្បីទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់កើតឡើងដល់អាយុជីវិត។
ក្នុងថ្ងៃជាមួយគ្នានេះដែរ តំបន់ ទេសចរណ៍ដ៏ល្បីល្បាញParadise ស្ថិតនៅភាគខាងជើង California ត្រូវបានជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ។ អភិបាលរដ្ឋ​កាលីហ្វ័រនីញ៉ា លោក​Gavin Newsom បានប្រកាសអាសន្នពីភ្លើងឆេះព្រៃនៅ៥តំបន់ មានFresno, Madera, Mariposa, San Bernardino និង San Diego។
ក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថា ក្នុងរយៈពេល៣៣ឆ្នាំកន្លងមក​ មិនដែលមានភ្លើងឆេះបំផ្លាញព្រៃឈើលើសពី ៨សែនហិកតា​ក្នុងពេលមួយឆ្នាំឡើយ​។
ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មនុស្ស៤នាក់ទៀតបានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ខណៈមនុស្ស៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋអូរ៉េហ្គន (Oregon) និងក្មេងប្រុសអាយុ ១ឆ្នាំម្នាក់បានស្លាប់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត (Washington State)។ ដោយឡែកមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវប្រឈមមុខនឹងការជម្លៀសចេញពីរដ្ឋទាំងបីនេះតែម្តង។
ខ្យល់បក់ខ្លាំង និងបរិយាកាសក្តៅហួតហែង បានបង្កឲ្យមានភ្លើងឆេះព្រៃប្រមាណជា ១០០កន្លែង នៅភាគខាងលិចនៃសហរដ្ឋអាមេរិក ជាពិសេសរដ្ឋការលីហ្វ័រនីញ៉ា និង អូរ៉េហ្គន គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលវាកំពុងឆាបឆេះលើផ្ទៃដីជាង៩សែនហិកតា និងបង្ខំឲ្យប្រជាជនជាង៤ម៉ឺននាក់នៅទូទាំងរដ្ឋ ត្រូវជម្លៀសខ្លួនចេញផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖