ព័ត៌មានទាន់ហេតុការណ៍៖

ពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១ របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ»

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅថ្ងៃព្រហស្បតិ៍ ០៨រោច ដល់ថ្ងៃសុក្រ ០៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១ របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព លោក ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាតំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញជាគណៈអធិបតី លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ឯកឧត្តម ប៊ុន ណារិទ្ធិ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម រ័ត្ន វីរៈនិងលោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងបរិស្ថានសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងសាកលវិទ្យាល័យ មន្ទីរពាក់ព័ន្ធខេត្តមណ្ឌលគិរី តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តំណាងលេខាធិការដ្ឋានរេដបូក វិស័យឯកជនមួយចំនួន។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១ របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» និងផ្សព្វផ្សាយនូវរបាយការណ៍នេះជូនដល់អ្នកពាក់ព័ន្ធ។ សមាជិកចូលរួមទាំងអស់ទទួលបានការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ វិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងប្រសិទ្ធភាព ឧបសម្ព័ន្ធបច្ចេកទេស REDD+ នៃរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដង ការវាស់វែង រាយការណ៍ និងការផ្ទៀងផ្ទាត់ថ្នាក់ជាតិ និងព័ត៌មានសំខាន់ផ្សេងទៀតផងដែរ។ របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១នេះ គឺជាមោទនភាពរបស់កម្ពុជាក្នុងនាមជាសមាជិកភាគីនៃក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលឆ្លុះបញ្ចាំងពីការរួមចំណែក របស់កម្ពជាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ កម្ពុជាបានដាក់ជូននូវរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១ ទៅកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និងក្រោយពីបានទទួលការវាយតម្លៃពីក្រុមអ្នកជំនាញ កម្ពុជាក៏បានទទួលនូវការកោតសរសើអំពីគុណភាពនៃរបាយការណ៍នេះផងដែរ។ ឯកសាររបាយការណ៍BUR បានអនុម័តជាផ្លូវការនៅខែឧសភា ឆ្នាំ២០២០ និងបានដាក់ជូនរបាយការណ៍នេះទៅលេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ប្រកបដោយជោគជ័យ៕

ដោយ៖ សិលា


ចែករំលែក៖