ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ព្រមានផ្អាកទីលានបាល់ទះ ដែលមិនគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលកន្លងមក

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យដំណើរ ការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី -ខេត្ត និងធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហាន ៗ ដោយការប្រកួតត្រូវបិទទ្វារ និងត្រូវគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។ ផ្អែកតាមរបាយការណ៍ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៧៤នាក់ បានជាសះស្បើយចំនួន ២៧៤នាក់) បើទោះបីជាពុំមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែស្ថានភាពជំងឺនៅតែបង្កហានិភ័យខ្ពស់ និងអាចបណ្តាលឱ្យមានការចម្លង ជំងឺកូវីដ-១៩ រលកទីពីរបានផងដែរ អាស្រ័យដូចនេះ ក្រសួងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នទទួលខុសត្រូវ អាជ្ញាធរដែនដី និងការចូលរួមអនុវត្តពីមហាជន។ ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឃើញថា កន្លែងលេងកីឡានៅតាមរាជធានី ខេត្តមួយចំនួនពុំទាន់អនុវត្តតាម គោលការណ៍ណែនាំរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រសួងអប់រំ យុវជន និងកីឡា បានត្រឹម ត្រូវនៅឡើយ ជាពិសេសកន្លែងលេងកីឡាបាល់ទះ ដែលបើកទូលាយឱ្យទស្សនិកជនចូលទស្សនាច្រើនកុះករ អាចបង្កឱ្យមានរលកទីពីរនៃការចម្លងជំងឺកូវីដ-១៩ ក្នុងការធ្វើសកម្មភាពនេះ។ ក្រសួងស្នើឱ្យលោក លោកស្រី យកចិត្តទុកដាក់ខ្ពស់ និងសហការក្នុងការត្រួតពិនិត្យកន្លែងលេងកីឡា ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានាដែលមិនគោរពតាមវិធានសុវត្ថិភាព សុខភាពរបស់ក្រសួងសុខាភិបាល។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជ្រាប និងសហការអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួន ក្នុងការការពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖