ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាងគេគឺអាមេរិក​ឡាទីន

ចែករំលែក៖

អន្តរជាតិ៖ គិតមកដល់វេលាម៉ោង​៧និង​៣០ នាទីយប់ថ្ងៃទី១១ខែកញ្ញានៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅ​ជិត​២៨,៤លាននាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើងដល់ទៅជាង​៩សែននាក់ហើយ។
សារព័ត៌មាន​​​ Channel News Asia ​នៅថ្ងៃទី​១១ខែកញ្ញា​បានផ្សាយថា​ តំបន់ដែលមានករណីឆ្លងកូវីដ​-១៩ច្រើនជាងគេគឺអាមេរិកឡាទី​នដោយមានអ្នកឆ្លងកើនលើស៨លាននាក់ហើយ ធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅលើពិភពលោក។
គេហទំព័រ worldometerបានផ្សាយថា ប្រទេសប្រេស៊ីល គឺជាប្រទេសដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេប្រចាំ តំបន់អាមេរិកឡាទីន ដែលមានចំនួនអ្នកឆ្លងសរុបជាង ៤.២លាននាក់ បន្ទាប់ពីអ្នកឆ្លងថ្មីជាង៤ម៉ឺននាក់ កាលពីថ្ងៃទី​១០ខែកញ្ញា។
ដោយឡែក ចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅប្រទេសប៉េរូ កូឡុំប៊ី និងម៉ិចស៉ិកក៏មានការថយចុះដូចគ្នាផងដែរ។ មេដឹកនាំអាមេរិកឡាទីនជាច្រើន កំពុងរិះរកគ្រប់វិធីដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការឆ្លងរាតត្បាតនៃ COVID-19 ដែលកើតមានឡើងនៅក្នុងប្រទេសជាច្រើននេះ និងបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចធំបំផុតដែលមិនធ្លាប់កើតមាននៅក្នុងតំបន់អាមេរិកឡាទីន។
ជាមួយគ្នានេះ វិស័យទេសចរណ៍ក្នុងតំបន់នេះដែលជាប្រភពចំណូលសំខាន់ ត្រូវបានគេរំពឹងថានឹងខាតបង់ប្រាក់ប្រហែល ២៣០ពាន់លានដុល្លារអាមេរិក ដោយសារ COVID-19 ដែលបង្ខំឱ្យមានការបិទព្រំដែន និងការធ្លាក់ចុះនៃការធ្វើដំណើរជាសកល៕

ដោយ៖ធី រីណា


ចែករំលែក៖