ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បញ្ជាការដ្ឋានទ័ពពិសេស បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹក ជំនាន់ទី៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធានក្រុមការងារសម្របសម្រួល ការរៀបចំឆ្លើយតប សង្រ្គោះបន្ទាន់ និងស្តារឡើងវិញ និងលោក ហង្ស សាមឿន ទីប្រឹក្សាសម្តេច តេជោ ហ៊ុន សែន និងជាអនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ។
ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ មានសិក្ខាកាមបញ្ជាការដ្ឋានពិសេសចំនួន ៨៤នាក់ និងសិក្ខាកាមកងពលធំអន្តរាគមន៍លេខ២ ចំនួន ២០នាក់។ ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ ដោយផ្ដោតលើខ្លឹមសារមេរៀន អប់រំចិត្តសាស្ត្រ ហ្វឹកហ្វឺនជំនាញជួយសង្គ្រោះ ភស្តុភារ និងសុខាភិបាល។ ជាលទ្ធផលទទួលបាននិទ្ទេសល្អចំនួន ៦០នាក់ ល្អបង្គួរ ២៦នាក់ និងមធ្យមចំនួន ១៥នាក់។
ដោយឡែក វគ្គបំប៉នជំនាញឯកទេសមុជទឹក ជំនាន់ទី៤ មានសិក្ខាកាម៥០ នាក់ និងគ្រូបង្វឹកចំនួន១៥នាក់។ វគ្គបំប៉ននេះមានរយៈពេលចំនួន៣ខែ ដោយផ្ដោតលើខ្លឹមសារអប់រំចិត្តសាស្ត្រ ហ្វឹកហ្វឺនយោធា ភស្តុភារនិងសុខាភិបាល។ ជាលទ្ធផលទទួលបាននិទ្ទេសល្អចំនួន ២៦នាក់ ល្អបង្គួរ ១៩នាក់ និងមធ្យមចំនួន ៥នាក់។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងនូវការកោតសរសើរ និងបានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងបញ្ជាការដ្ឋានទ័ពពិសេស ដែលបានសហការសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ធ្វើឲ្យសម្រេចនូវភារកិច្ចទូទៅ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ជាក់ស្ដែងដូចជាវគ្គបំប៉នដែលបានបិទនាឪកាសនេះ។
ដោយឡែកកងយោធពលខេមរភូមិន្ទ ក៏បានចូលរួមយ៉ាងសកម្មផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា ប្រទេសណាក៏ដូចប្រទេសណាដែរ ចាំបាច់កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងស្នូលនៅក្នុងការជួយសង្គ្រោះមហន្តរាយផ្សេងៗ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកទឹកចិត្តនិងជំរុញឲ្យនាយទាហាន និងពលទាហាន នៃ កងយោធពលខេមរភូមិន្ទ ត្រូវបន្តភារកិច្ចដ៏ល្អរបស់ខ្លួនថែមទៀត ពិសេសស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកអស់ស្មារតីគ្រប់បានម៉ោងប៉ុន្មានរាល់បទប្បញ្ញត្តិចរាចរណ៍លក្ខន្តិកៈកងយុទ្ធពលខេមរៈភូមិន្ទបទដ្ឋានគតិយុត្តនានាប្រកាន់ខ្ជាប់នូវប្រពៃណីថ្លៃថ្នូរក្លាយជាកម្លាំងពិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជន។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបំពាក់ឋានន្តរសក្តិជូនដល់នាយទាហានយោធិនចូលនិវត្តន៍ក្នុងឆ្នាំ២០២០ ចំនួន ៣៥នាក់ និងបានផ្ដល់ប័ណ្ណសរសើរលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាម ព្រមទាំងបាននាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានទ័ពពិសេស មានអង្ករ ៥តោន, មី ២០០កេស និងថវិកាចំនួន ១០លានរៀល ៕
ដោយ៖ សិលា