ភ្នំពេញ ៖តារាចម្រៀង តន់ ច័ន្ទសីម៉ា កាន់តែលេចមុខមាត់ខ្លាំងក្រោយពីស្នាដៃបទចម្រៀងថ្មីរបស់នាងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ស្របគ្នានេះដែរតារារូបនេះបានបង្ហាញក្តីព្រួយបារម្ភខ្លាំងពីមានជនអនាមិកបានបង្កើតគនីយហ្វេសប៊ុកក្លែងក្លាយជាច្រើនបន្តបន្ទាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើការប្រកាសស្នើសុំដល់អ្នកដែលបង្តើតផេកក្លែងក្លាយដាក់ឈ្មោះ និងរូបរបស់នាងដោយការលើកដៃសំពះ ក៏ព្រោះតែបារម្ភពីការយកឈ្មោះ និងរូបនេះទៅប្រព្រឹត្តិអំពើខុសទៅនឹងច្បាប់។ ក្នុងនោះដែរនាងក៏ស្នើឲ្យអ្នកដែលស្រលាញ់រូបនាងឲ្យដូររូប និងឈ្មោះនាងចេញដើម្បីបញ្ចៀសការយល់ច្រឡំ។ ទន្ទឹមគ្នានេះដែរនាងសូមបងប្អូនម្ចាស់ផេកក្លែងក្លាយទាំងអស់ មេត្តាប្ដូរឈ្មោះឬលុបផងចុះ ដើម្បីកុំឲ្យមានការយល់ច្រឡំផ្សេងៗបើនៅតែមិនផ្ដូរឈ្មោះឬលុបទៀតនាងខ្ញុំនឹងដោះស្រាយតាមផ្លូវច្បាប់ ។ ស្របពេលនឹងការប្រកាសនេះផងដែរផលិតកម្មកាឡាក់ស៊ី ណាវ៉ាត្រា បានសេចក្តីប្រកាសព័ត៌មានដែរថាដោយសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើរូបថត តារាចម្រៀងប្រចាំផលិតកម្ម ទៅបង្កើតជាផេក និង គណនីហ្វេសប៊ុក ក្នុងការបង្ហោះ និង ចែកចាយព័ត៌មាននានា ដោយផលិតកម្មមិនទាន់បានដឹងពីគោលបំណងពិតប្រាដកថា ជាទឹកចិត្តស្រលាញ់ និងគាំទ្រតារាចម្រៀង ឬ មួយជាការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់នោះទេ។ ក្នុងនាមជាមេធាវីការពារសិទ្ធនិងផលប្រយោជន៍របស់ផលិតម្ម កាឡាក់ស៊ី ណាវ៉ាត្រា សូមសំណូមពរដល់សាធារណជន និងប្រិយមិត្តទាំងឡាយជាពិសេសបុគ្គលដែលប្រើឈ្មោះ និងរូបថត តារាចម្រៀងប្រចាំផលិតកម្ម ទៅបង្តើតជាផេក និង គណនីហ្វេសប៊ុកមេត្តាប្តូរឈ្មោះ ឬលុបចោលជាបន្ទាន់មុននឹងយើងខ្ញុំធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់៕ដោយ៖វឌ្ឍនា