ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចប្រធានរដ្ឋសភា​ និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន រួមប្រជាពុទ្ធបរិស័ទចំណុះជើងវត្តត្រពំាងព្រីង ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាពិសេសប្រជាពុទ្ធបរិស័ទចំណុះជើងវត្តត្រពំាងព្រីង ស្ថិតនៅឃុំត្រពំាងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីកាន់បិណ្ឌទី១០ ប្រកបដោយសទ្ធាជ្រះថ្លា និងស្និទ្ធស្នាលជាទីបំផុត។ 

ពិធីកាន់បិណ្ឌទី១០ នាព្រថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ បានប្រារព្ធរៀបចំទៅតាមពិធីទំនៀបទម្លាប់សាសនា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ។ 

សម្តេចប្រធានរដ្ឋសភា​ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន​ បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ក្រោយពីពិធីសាសនាបានបញ្ចប់ ប្រជាពលរដ្ឋចំណុះជើងវត្តត្រពំាងព្រីង បាននាំយកនំអន្សម នំបុត នំនម និងកសិផលជាច្រើន ដែលទើបប្រមូលផល ជួនសម្តេចអគ្គមហាពញាចក្រីហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា ជាការគោរព ដឹងគុណ ចំពោះសម្តេចទំាងទ្វេ បានចូលរួមចំណែករំដោះប្រទេសជាតិ សង្រ្គោះជីវិតពលរដ្ឋចេញពីក្តីស្លាប់ ក្នុងរបបប៉ុលពត ហើយបានបន្តលះបង់កម្លំាងកាយ ប្រាជ្ញា ស្មារតី នៅក្នុងការកសាង អភិវឌ្ឃន៍ប្រទេសជាតិរហូត មក ដោយមិនខ្លាចនឿយហត់ នោះឡើយ។ 

បន្ទាប់មក សម្តេចប្រធានរដ្ឋសភា ក៏បានអញ្ជើញទៅពិនិត្យមើលការសាងសង់ឧបដ្ឋានសាលានៅវត្តមង្គលវ័នហៅវត្តស្ទឹងតូច នៅភូមិស្ទឹងតូចស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូង ផងដែរ ៕

ដោយ៖ សសម


ចែករំលែក៖