អន្តរជាតិ៖ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Stephen Biegun ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ–សហរដ្ឋអាមេរិកលើកទី១ នៅថ្ងៃទី ១១ ខែកញ្ញាម្សិលមិញនេះ បានប្រកាសថា នឹងផ្ដល់ជំនួយជិត ១៥៣,៦លានដុល្លារសម្រាប់គម្រោងសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការបណ្ដាលប្រទេសតាមតំបន់មេគង្គ។ ដោយជំនួយនេះ មានគោលដៅសម្រាប់បម្រើដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្ដួច ។
ថវិកាដែលអាមេរិកសន្យាផ្ដល់ជំនួយនេះ នឹងត្រូវចាត់ចែងទៅឲ្យគម្រោងសំខាន់មួយចំនួន ក្នុងនោះរួមមាន៖ គម្រោងគ្រប់គ្រងនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនឹងទទួលបានលុយ ៥៥លានដុល្លារ។ ចំណែកគណៈកម្មការទន្លេមេគង្គ (MRC) នឹងទទួលបាន១,៨លានដុល្លារដែលនឹងយកទៅប្រើប្រាស់ដើម្បីពង្រឹងការចែករំលែកទិន្នន័យប្រភពទឹកក្នុងគោលដៅជួយសម្របសម្រួលដល់ការគ្រប់គ្រងគ្រោះធម្មជាតិក្នុងតំបន់មេគង្គ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋវៀតណាម (VTV) ។
សូមជម្រាបថា ទន្លេមេគង្គ បានក្លាយជាសមរភូមិជួរមុខថ្មីមួយក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ខណៈទីក្រុងប៉េកាំង បាននាំមុខអាមេរិកទាំងការចំណាយ និងឥទ្ធិពលលើបណ្ដាប្រទេសមេគង្គក្រោម។ ជាក់ស្តែងទន្លេនេះ មានប្រវែង ៤៣៥០គីឡូម៉ែត្រ ដែលកំណាត់ក្នុងទឹកដីចិនត្រូវបានហៅថា៖ ឡានឆាង នេះ បានហូរធ្លាក់ពីតំបន់ខ្ពស់រាបទីបេរបស់ចិន ឆ្លងកាត់មីយ៉ាន់ម៉ា ឡាវ និងថៃ ហើយបន្តហូរឆ្លងកាត់កម្ពុជា និងចុងក្រោយវៀតណាម។
ពាក់ព័ន្ធរឿងនេះ មន្ត្រីនិងអ្នកបរិស្ថាន ក៏បានអះអាងថា ទំនប់វារីអគ្គិសនីដែលចិនសាងសង់នៅទន្លេមេគង្គផ្នែកខាងលើ ផ្ដល់អំណាចធំធេងដល់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការក្ដោបក្ដាប់លំហូរទឹក ដែលប្រជាជនប្រមាណ៦០លាននាក់ពឹងផ្អែកលើវាសម្រាប់ការធ្វើនេសាទនិងធ្វើស្រែចម្ការ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ–សហរដ្ឋអាមេរិកលើកទី១ ត្រូវបានរៀបចំឡើងតាមអនឡាញ នៅថ្ងៃទី ១១ខែកញ្ញាម្សិលមិញនេះ ដោយមានវៀតណាមជាប្រធាន។ ជំនួបនេះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវមីយ៉ាន់ម៉ា និងថៃ និងអគ្គលេខាធិការអាស៊ានផងដែរ៕ដោយ៖ស តារា