ខេត្តត្បូងឃ្មុំ៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ រួមជាមួយ លោក លោកស្រី ជាអនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ រួមជាមួយ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន គណៈអភិបាលរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋស្រុកអូររាំងឪ ផ្សេងទៀត នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ខែកញ្ញាឆ្នាំ ២០២០ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ ព្រមទាំងបាននាំយកទេយ្យទានសម្ភារៈនិងបច្ច័យមួយចំនួន យកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តចំនួន ៣ គឺវត្តបឹងផ្ទិលស្ថិតក្នុងឃុំទួលសុភី វត្តពុទ្ធាស្ថិតក្នុងឃុំចក និងវត្តដំរិលស្ថិតក្នុងឃុំដំរិលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលក្នុងមួយវត្តៗទទួលបាន ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈជាច្រើន និងបច្ច័យចំនួន១លានរៀល។ ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបាននាំគ្នាធ្វើម្ហូបអាហារនំចំណីអាហារ រៀបចំទៀន ធូប ផ្កា និងបច្ច័យមួយចំនួន នៅតាមទីវត្ត ប្រកបដោយសទ្ធាជ្រះថ្លា ដោយទឹកចិត្តរីករាយស្រស់ស្រាយ ដើម្បីបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខ័ន្ធ បុព្វការីជន មានជីដូនជីតា មាតាបិតានិងញាតិការទាំងប្រាំពីរសណ្តានដែលបានចែកមរណកាលទៅ និងធ្វើការបួងសួងដល់ព្រះគុណព្រះរតនត្រ័យ សូមប្រសិទ្ធិពរជ័យ ស័ព្ទសាធុការ នូវសេចក្តីសុខចម្រើន រកស៊ីមានបានត្រជាក់ត្រជុំក្នុងក្រុមគ្រួសាររៀងៗខ្លួន និងជូនថវិកាមួយចំនួនថែមទៀតដល់ចាស់ជរា តាជី យាយជី នៅតាមវត្តអារាមផងដែរ៕
ដោយ៖ សិលា