ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះករណីកាច់សោកម៉ូតូ២នាក់និងប្រើប្រាស់សារធាតុញៀន២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះពាក់ព័ន្ធនឹងករណីកាច់សោ.កម៉ូតូ២នាក់ និងប្រើប្រាស់សារធាតុញៀន២នាក់ នៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត កាលពីម៉ោង១២និង២០នាទីថ្ងៃត្រង់

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះមួយកន្លែងតាមបណ្ដោយផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានក្នុងករណីទី១គឺឈ្មោះ ផុន ម៉ៅ អាយ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិសំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាកហុងដា icon ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1Y-2483 ដែលជាម៉ូតូរបស់ជនសង្ស័យធ្វើសកម្មភាព និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ត្រូវជនសង្ស័យដោះស្លាកលេខចេញ និងទី២-ឈ្មោះ ហេង តារា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩៥ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបានមានដែកសំប៉ែតចុងស្រួច១ដើម ដង្កាប់ដងជ័រ ពណ៌ក្រហម១ និងទួណឺវីស ១ដើម។

ចំណែកជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីទី២នោះគឺមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ 

ក្រោយពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវរកឃើញនិងឃាត់បានជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងនោះមក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖