ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំ Arsenal បំបាក់ក្រុមម្ចាស់ផ្ទះFulhamក្នុងថ្ងៃបើកឆាករដូវកាលថ្មី ខណៈហង្សក្រហមLiverpoolឈ្នះ Leeds United ៤ទល់៣ទាំងលំបាក

ចែករំលែក៖

ក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះFulham ដោយលទ្ធផល៣ទល់០ ក្នុងការប្រកួត ក្របខ័ណ្ឌ Premier League រដូវកាលថ្មី២០២០-២០២១ កាលពីយប់មិញដែលជាថ្ងៃបើកឆាកប្រកួតដំបូងក្នុងលីគកំពូលមួយនេះ។

៣គ្រាប់របស់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal រកបានដោយកីឡាករ Lacazette នៅនាទីទី៨ គ្រាប់ទី២រកបានដោយកីឡាករ Gabriel Magalhães នៅនាទីទី៤៩ និងគ្រាប់ទី៣រកបានដោយខ្សែប្រយុទ្ធសញ្ជាតិកាបុង Aubameyang នៅនាទីទី៥៧។ លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំ ឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងលីគកំពូលអង់គ្លេសរកបានគ្រាប់បាល់ចំណេញ៣គ្រាប់ច្រើនជាងគេ។

ចំណែកក្រុមម្ចាស់ការពារតំណែងជើងឯកហង្សក្រហម Liverpool បានយកឈ្នះក្រុមឡើងមកថ្មី Leeds United ក្នុងលទ្ធផល ៤ទល់៣ ដែលជាការឈ្នះយ៉ាងប្រផិតប្រផើយ ដោយសារបាល់ប៉េណាល់ទីដល់ទៅ២គ្រាប់។

នៅវគ្គទី១ ក្រុមទាំង២បានសម្រុកទៅសម្រុកមក ប៉ុន្តែលេងបានតែ៤នាទីក្រុមភ្ញៀវ Leeds United បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រស៊ុតដោយខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបហង្សក្រហម Mohamed Salah ធ្វើឲ្យក្រុមម្ចាស់ផ្ទះហង្សក្រហមនាំមុខមុន។ ប៉ុន្តែនៅនាទីទី១២ កីឡាករខ្សែបម្រើ Harrison របស់ក្លិប Leeds United បានរកគ្រាប់បាល់តាមស្មើវិញ ហើយនៅនាទីទី២០ខ្សែការពារសញ្ជាតិហុល្លង់ Van Dijk រកបាន១គ្រាប់សងវិញ ខណៈដែលកីឡាករ Bamfordរកបាន១គ្រាប់ទៀតដើម្បីតាមស្មើក្រុមម្ចាស់ផ្ទះវិញដែរ។

មិនយូរប៉ុន្មានខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah បានរកគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទី៣៣ ធ្វើឲ្យចប់ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Liverpool នាំមុខក្នុងលទ្ធផល៣ទល់២។ ចូលដល់តង់ទី២ កីឡាករ Klich របស់ក្រុម Leeds រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៦៦ ប៉ុន្តែនៅនាទីទី៨៨ កីឡាករ Mohamed Salah ដដែលបានបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ទៀតជិតចប់ការប្រកួត ធ្វើឲ្យក្រុមម្ចាស់ផ្ទះឈ្នះក្រុមភ្ញៀវ ក្នុងលទ្ធផល៤ទល់៣។

 

នៅក្នុងការប្រកួតបើកឆាករដូវកាលថ្មីនេះ ក្រុម Leeds United បានបង្ហាញទម្រង់លេងយ៉ាងល្អ ទោះបីចាញ់ក្រុមខ្លាំងក៏ដោយ ក៏អាចបង្ហាញបានថា ទម្រង់លេងរបស់ក្រុមទើបឡើងថ្មីនេះ រកបានរហូតដល់៣គ្រាប់នៅក្រៅទឹកដីរបស់ខ្លួន ហើយប្រកួតជាមួយក្រុមខ្លាំងទៀតគឺចង្វាក់នៃការលេងរបស់ក្រុមមួយនេះហាក់ធ្វើឲ្យមានការចាប់អារម្មណ៍ពីក្លិបផ្សេងៗផងដែរ ។

សម្រាប់ការប្រកួតនៅរាត្រីថ្ងៃអាទិត្យនេះលីគកំពូលអង់គ្លេសមាន២គូដែលត្រូវប្រកួតបន្តទៀតគឺក្រុមម្ចាស់ផ្ទះ West Brom ប៉ះជាមួយក្រុមចចកកំណាច Leicester City នៅម៉ោង៨យប់ និងក្រុមមាន់ខ្នាយមាសTottenham ប៉ះជាមួយក្រុមស្ករគ្រាប់ Everton នៅវេលាម៉ោង១០និង៣០នាទីយប់ម៉ោងនៅកម្ពុជា ៕

ដោយ៖ភារៈ


ចែករំលែក៖