ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំការមន សំណេះសំណាល និងផ្តល់អង្ករ គ្រឿងឧបភោគបរិភោគជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីឲ្យកងកម្លាំងចូលរួមធ្វើបុណ្យកាន់បិណ្ឌ ក៏ដូចថ្ងៃភ្ជុំបិណ្ឌ នៅស្រុកកំណើតជាមួយក្រុមគ្រួសារ ឪពុកម្តាយ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងបានចែកអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន ចំនួន ៥០នាក់ ។

ក្នុងនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់កងកម្លាំង យើងត្រូវដឹងពីតួនាទី ភារកិច្ចរបស់យើង ត្រូវគិតគូរពីសុវត្ថិភាព ក្នុងការធ្វើដំណើរទៅស្រុក ហើយអោយមានប្រសិទ្ឋភាព ក្នុងការចុះបំពេញការងារ ក៏ដូចចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ពិសេសចុះកាយសំរាម តាមមាត់លូ ដោយហេតុថា ភ្លៀងធ្លាក់មានបរិមាណច្រើន។

នាឱកាសនោះ លោកអភិបាលខណ្ឌចំការមន បានដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌអោយពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈ និងបានណែនាំអោយកម្លាំងសន្តិសុខទាំងអស់ ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់។ លោកបន្តថា ពិតណាស់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន  តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន ។

លោកអភិបាលខណ្ឌបានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើរ ហើយខ្លាចតែយើងមិនធ្វើ ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន ។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀប រាបរយ ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ។

នាឱកាសនោះ លោក ថេង សុថុល ក៏បានណែនាំដល់កងកម្លាំង ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ ។

លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានអោយដឹងថា កម្លាំងសណ្តាប់ក្នុងម្នាក់ៗទទួលបានអាវភ្លៀងចំនួន០១ និងអង្ករ ០១បាវ (២៥គីឡូក្រាម) មី ស្ករស អំបិល​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ត្រីខ​ សាប៊ូ​លាងដៃ​ ១ដុំតូច ទឹកអាល់កុល​ ១ដបនិងម៉ាស​ ១០ម៉ាស ផងដែរ ៕ដោយ៖ជីណា


ចែករំលែក៖