ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានអញ្ជើញទៅកាន់ប្រទេសរុស្ស៊ី ដើម្បីស្វែងរកការគាំទ្រពីប្រទេសនេះ។ នៅថ្ងៃទី១៤ខែកញ្ញា ប្រធានាធិបតីបេឡារូនិងប្រធានាធិបតីពូទីនបានជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយនៅក្នុងប្រទេសបេឡារូស ខណៈបាតុកម្មអូសបន្លាយរយៈពេលជាង៥សប្តាហ៍កន្លងមក ក្រោយការបោះឆ្នោតប្រធានាធិបតី។
លោក Alexander Lukashenko កំពុងប្រឈមនឹងវិបត្តិជាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈ២៦ឆ្នាំកន្លងមក ។ តាមសារព័ត៌មាន Al Jazeera បានឱ្យដឹងថា មេដឹកនាំទំាងពីរនឹងពិភាក្សាគ្នាស្តីពីការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងថាមពល។
លោកពូទីន តាំងពីដើមមក បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថានភាពនៅក្នុងប្រទេសបេឡារូស ។ ជាមួយគ្នានោះទីក្រុងមូស្គូបានស្នើជួយដល់សេដ្ឋកិច្ចនិងយោធា ដើម្បីការពារប្រទេសបេឡារូស ។
ក្រុមប្រឆាំងបេឡារូសបានចោទប្រកាន់ លោក Lukashenko ថាបានកេងបន្លំក្នុងការបោះឆ្នោត ដោយទទួលបាននូវការគាំទ្ររហូតដល់ទៅ៨០ភាគរយ។ ចាប់តាំងពីពេលនោះមកមានពលរដ្ឋរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនិងទាមទារឲ្យប្រធានាធិបតីចាកចេញពីតំណែង។
តាមសារព័ត៌មានរុស្ស៊ី RIA បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១៤ខែកញ្ញា បានបញ្ជូន កម្លាំងទាហានឆត្រយោងទៅកាន់ប្រទេសបេឡារូស ចូលរួមធ្វើសមយុទ្ធជាមួយប្រទេសនេះ រហូតដល់ថ្ងៃទី២៥ខែកញ្ញា ៕ដោយ៖ធី រីណា