អន្តរជាតិ៖ មហាសេដ្ឋីBloomberg មានគម្រោងចំណាយប្រាក់ដល់ទៅ១០០លានដុល្លារ ជួយដល់បេក្ខភាពប្រធានាធិបតី ចូ បៃឌិន ដើម្បីយកឈ្នះទៅលើប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅដើមខែវិច្ឆិកាឆ្នាំ២០២០នេះ ។
តាមគម្រោង លោកMike Bloomberg នឹងចំណាយប្រាក់ជួយដល់បេក្ខភាពចូ បៃឌិនសម្រាប់ការឃោសនាបោះឆ្នោតនៅរដ្ឋ Florida និងរដ្ឋសំខាន់ៗជាច្រើនទៀត ដើម្បីយកប្រៀបទៅលើប្រធានាធិបតីត្រាំ។
លោកMike Bloomberg កាលពីថ្ងៃទី១៣ ខែកញ្ញា បានបញ្ជាក់ថា លោកនឹងចំណាយប្រាក់១០០លានដុល្លារជួយលោកបៃឌិន ក្នុងការយកឈ្នះលោកត្រាំ។ សារព័ត៌មាន CNN បានផ្សាយថា លោក Mike Bloomberg បានសន្យាថា នឹងជួយដល់លោកបៃឌិន ក្នុងរដ្ឋសំខាន់ៗដើម្បីយកឈ្នះលោកត្រាំ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ប្រធានាធិបតីដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «លោក Mike Bloomberg មានការប្រកួតប្រជែងសម្តីអន់បំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក។
ការប្រកាសជួយដល់លោកបៃឌិនពីសំណាក់មហាសេដ្ឋីMike Bloomberg ក្រោយពេលការប្រកួតប្រជែងដណ្តើមកៅអីតំណាងទាំង២៩រដ្ឋ គឺប្រកៀកប្រកិតគ្នា។ ដូច្នេះ ប្រសិនបើការបោះឆ្នោត ភាគីណាមួយយកឈ្នះនៅក្នុងរដ្ឋទាំងនេះ គឺមានសង្ឃឹមខ្ពស់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិក៕
ដោយ៖ធី រីណា