ភ្នំពេញ៖ បើតាមទីភ្នាក់ងារសារព័ត៍មាន AKP បានចេញផ្សាយនៅថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២០នេះថា លោក Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ក្នុងតួនាទីជាប្រធាន នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA-41) ក្នុងការធានានូវសកម្មភាពរបស់ AIPA ចំពេលដែលមានការរីករាលដាលនៃជំងឺកូវីដ–១៩នៅក្នុងសកលលោក។
លោក Kosachev ថ្លែងទៅកាន់មហាសន្និបាត AIPA-41 ក៏បានបញ្ជាក់អំពីតួនាទីរបស់វៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរសភាពិភពលោក ដោយលោកបាននិយាយថា ប្រទេសវៀតណាម គឺជាក្បាលម៉ាស៊ីនមួយដែលដើរតួនាទីលេចធ្លោនៅក្នុងវេទិកាសហភាពអន្តរសភានិងវេទិកាអន្តរជាតិដទៃទៀត។
លោកបាននិយាយបន្ថែមថា ការផ្លាស់ប្តូរគ្នានៃអន្តរសភានៅឯមហាសន្និបាតAIPA បានដើរតួនាទីយ៉ាងសំខាន់ ហើយប្រទេសរុស្ស៊ីមើលឃើញថា វាជាយន្តការដ៏សំខាន់មួយដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។
នៅក្នុងសុន្ទរកថារបស់លោកបាននិយាយថា ប្រទេសរុស្ស៊ីចាត់ទុកអាស៊ានជាអង្គការមួយដែលទទួលបានជោគជ័យបំផុតនៅក្នុងកិច្ចពិភាក្សាអាស៊ី – ប៉ាស៊ីហ្វិក និងកិច្ចពិភាក្សារុស្ស៊ី – អាស៊ាន ដែលជាកត្តាសំខាន់ដើម្បីធានាស្ថិរភាពក្នុងតំបន់។
ដោយឡែកជុំវិញបញ្ហានឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ–១៩ លោកបាននិយាយថា វាបានទទួលបរាជ័យក្នុងការរារាំងដល់ទំនាក់ទំនងរវាងរុស្ស៊ី – អាស៊ាន ជាមួយយន្តការនៃកិច្ចសន្ទនាដែលកំពុងត្រូវបានរក្សានៅតាមប្រព័ន្ធអ៊ីនធើណេត។ ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាទំនើប ការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល តាមរយៈក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី – អាស៊ាន៕ដោយ៖ស តារា