ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញក្រោយគួរយល់ដឹងហេតុអី ​​​ចាស់​​ទុំ​ណែ​​​នាំ​ពេលរាប់​បាត្រថា៖ “កុំឲ្យស្លាប​​​ព្រាប៉ះ​​​បាត្រ​​លោក​» និង​​ «ប្រយ័ត្ន​​រឿង​​ជ្រុះ​​បាយ​ចេញ​​​ពី​បាត្រ​”

ចែករំលែក៖

ព័ត៌មានចែករំលែកចំណេះដឹង៖ អ្នកជំនាញក្រោយគួរតែស្វែងយល់ថាតើហេតុអ្វីបានចាស់ទុំ បានណែនាំថា៖ នៅពេលអ្នកដាក់បាត្រ គឺត្រូវប្រយ័ត្នកុំឲ្យស្លាបព្រាប៉ះជាមួយបាត្ររបស់ព្រះសង្ឃ និងរក្សាឥរិយាបថយ៉ាងណាមិនត្រូវឲ្យជ្រុះបាយពីស្លាបព្រាពេលរាប់បាត្រជាក់ស្តែង នារដូវកាលបុណ្យទាន ប្រជាពលរដ្ឋខ្មែរនិយមធ្វើម្ហូបអាហារយកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃដោយប៉ងប្រាថ្នាសុំសេចក្តីសុខនិងឧទ្ទិសកុសលជូនញាតិសន្តានដែលបានចែកឋាន ហើយការអប់រំបែបនេះ ត្រូវបានយុវជនខ្មែរអនុវត្តន៍តាម ប៉ុន្តែបើចង់ដឹងអំពីមូលហេតុអ្វីនៅពីក្រោយការអប់រំរបស់ចាស់ទុំបែបនេះ? ហើយអ្វីជាដំណើរដើមទងនាំឲ្យមានពិធីរាប់បាត្រនេះឡើង?

តោះដើម្បីស្រាយចម្ងល់ទាក់ទិននឹងប្រធានបទខាងលើ ក្នុងអំឡុងថ្ងៃកាន់បិណ្ឌនេះសូមអញ្ជើញអាននៃការបកស្រាយពីព្រះតេជគុណ ពេញវិបុល ជាព្រះសង្ឃនាវត្តបទុមវតី និងជាសាស្ត្រាចារ្យថ្នាក់បណ្តុះគុណធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ដោយព្រះតេជគុណបានមានសង្ឃដីកាថា៖ តាមពិតហេតុផលដើមឡើយចាស់ទុំហាមមិនឲ្យប៉ះបាត្រលោក គឺដោយសារសម័យមុនបាត្រលោកគេធ្វើពីដីដែលការប៉ះ អាចធ្វើឲ្យងាយខូចទ្រង់ទ្រាយ ហើយចាស់ទុំណែនាំមិនឲ្យធ្វេសប្រហែសធ្វើឲ្យបាយជ្រុះចេញពីបាត្រលោកឡើយ គឺដោយសារមិនចង់ឲ្យមានការប្រមាទ។ ព្រះតេជគុណមានសង្ឃដីកា បន្ថែមថា៖ «សម័យដើមបាត្រលោកគេធ្វើពីដីដូច្នេះបើដាក់បាត្រទៅមានការប៉ះនឹងស្លាបព្រា ឬវត្ថុរឹងអាចបែក ឬឆែបបាត្ររបស់ព្រះសង្ឃ។ ម្យ៉ាងទៀតចាស់ទុំលោកថា កុំមានការប្រមាទធ្វេសប្រហែសស្មារតីដែលជាហេតុអាចធ្វើឲ្យបាយជ្រុះ ឬខ្ទាតចេញពីបាត្រលោក»

ព្រះតេជគុណ ពេញវិបុល បន្តសង្ឃដីកាថា ចំពោះដំណើរដើមទងដែលនាំឲ្យមានការប្រារព្ធរាប់បាត្រនេះឡើង គឺដោយពុទ្ធសាសនិកយកលំនាំតាមព្រះសារីបុត្រជាអគ្គសាវ័កស្តាំធ្លាប់បានយកចង្ហាន់បិណ្ឌបាត្ររបស់ព្រះអង្គទៅប្រគេនព្រះភិក្ខុសង្ឃដើម្បីឧទ្ទិសកុសលដល់ញោមស្រីរបស់លោកដែលបានកើតជាបេតជន (ប្រេត) ព្រះតេជគុណ បន្ថែមសង្ឃដីកាទៀតថា៖«ការរាប់បាត្រត្រូវគេប្រារព្ធឡើងដោយយកលំនាំព្រះសារីបុត្រជាអគ្គសាវ័កស្តាំធ្លាប់បានយកចង្ហាន់ បិណ្ឌបាត្ររបស់ព្រះអង្គទៅប្រគេនព្រះភិក្ខុសង្ឃដើម្បីឧទ្ទិសកុសលដល់ញោមស្រីរបស់លោកដែលបានកើតជាបេតជន។ម្យ៉ាងទៀតការឆាន់ចង្ហាន់បិណ្ឌបាត្ររបស់ព្រះភិក្ខុសង្ឃ គឺត្រូវនឹងពុទ្ធានុញ្ញាតដែលតម្រូវឲ្យបួសត្រូវអាស្រ័យនឹងចង្ហាន់បិណ្ឌបាត្រជានិស្ស័យ»

គួរបញ្ជាក់ថា សាស្ត្រាចារ្យថ្នាក់បណ្តុះគុណធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ វ័យ ២៨ព្រះវស្សា និងបានបួសជាព្រះសង្ឃតាំងពីនៅកុមារភាពអង្គនេះ បានលើកទឹកចិត្តឲ្យយុវជនគួរសង្រួមកាយ វាចា ចិត្តឲ្យស្ងប់ និងមានសតិស្មារតីប្រុងប្រយ័ត្ន ព្រមទាំងផ្ចង់ចិត្តឧទ្ទិសដល់លោកអ្នកមានគុណក្នុងពេលរាប់បាត្រផងដែរ។ មិនតែប៉ុណ្ណោះព្រះតេជគុណ ពេញ វិបុល មានសង្ឃដីកាសង្កត់ធ្ងន់ថា៖ «យុវជនគួរសង្រួមកាយ និងវាចាចិត្តឲ្យស្ងប់ និងមានសតិស្មារតីប្រុងប្រយ័ត្នដើម្បីកុំមានសេចក្តីប្រមាទកើតឡើងក្នុងខន្ធសន្តាន និងផ្ចង់ចិត្តឧទ្ទិសដល់លោកអ្នកមានគុណ»

ដោយ៖សហការី


ចែករំលែក៖