ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង សហការជាមួយ ថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ ចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងឱកាសសំណេះសំណាលបើកយុទ្ធនាការនេះលោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកាបាទក្រហមកម្ពុជា មានប្រសាសន៍ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រា ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តបានគាំទ្រសកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើនដូចជា សម្រួលសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ចុះអប់រំផ្សព្វផ្សាយតាមទីសាធារណៈ គ្រឹះស្ថានសិក្សា និងសហគមន៍ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ ។
ប្រភពបន្តថាជាក់ស្ដែងថ្ងៃនេះដែរយើងបានរៀបចំយុទ្ធនាការនេះឡើងក្នុងគោលបំណងក្រើនលំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ពិសេសក្នុងកំឡុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរនៅរដូវបុណ្យភ្ជុំបិណ្ឌ ហេតុនេះចរាចរណ៍នៅលើដងផ្លូវនឹងមានភាពមមាញឹកខ្លាំងទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយនោះ ។
សូមបញ្ជាក់ថាក្នុងយុទ្ធនាការនេះក្រោមការឧបត្ថម្ភថវិកាពីវិស័យឯកជន និងអង្គការ LIGHT FOR THE WORLD ក៏បានរៀបចំនូវសំណួរចម្លើយ និងចែកមួកសុវត្ថិភាពចំនួន ២៥ មួក ដោយមានអ្នកចូលរួមសរុប ៥៧៧ នាក់ ស្រី ៣១៥ នាក់ ។
មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាមកពីវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ដែលមានចំនួន សរុប ២៩នាក់ ស្រី ១៥នាក់ បានចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ប្រជាពលរដ្ឋទូទៅនៅទីប្រជុំជនផ្សារស្វាយជ្រំ និងតាមដងផ្លូវ ខ្នងផ្ទះ នៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ស្តីពី ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ គោរពគំនូសសញ្ញា ភ្លើងសញ្ញា និងចែកជូននូវសម្ភារមួយចំនួនដូចខាងក្រោម៖
កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ៤០០ក្បាល កូនសៀវភៅ ផលប៉ះពាល់គ្រឿងស្រវឹង ៤០០ ក្បាល ខិតប័ណ្ណពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ៨០០សន្លឹក ប័ណ្ណអនុក្រឹត្យផាកពិន័យអន្តរការថ្មី ៣៥០ សន្លឹក បិទស្ទីកគ័រចំណាំងផ្លាតម៉ូតូ ២០០សន្លឹក បញ្ញតិស្តីពីឥទ្ធិពលគ្រឿងស្រវឹង ៣០០សន្លឹក បញ្ញតិស្តីពីឥទ្ធិពលគ្រឿងស្រវឹង ៣០០សន្លឹក និងខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ៤០០សន្លឹក សរុបចំនួន ៣,១៥០ សន្លឹក ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវ ទីប្រជុំជនផ្សារ និងតាមខ្នងផ្ទះ៕ ដោយ៖ យឹម សុថាន