បច្ចុប្បន្នការឆ្លងរាលដាលកូវីដ-១៩ នៅទូទាំងពិភពលោក មានដល់ទៅជាង២៩,២លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៩២៩ពាន់នាក់ និងព្យាបាលជាសះស្បើយជាង២១លាននាក់។
ដោយឡែកនៅតំបន់អាស៊ាន មានករណីឆ្លងកូវីដ-១៩ មានតិចជាងតំបន់នានាលើពិភពលោក។ គិតចាប់តំាងពីពេលឆ្លងមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីឆ្លងកូវីដ-១៩ នៅបណ្តាប្រទេសតំបន់អាស៊ាន សរុបមានតែជាង៥៥៤ពាន់នាក់ប៉ុណ្ណោះ ។ ក្នុងចំណោមអ្នកឆ្លង មាន ១៣.៣៦១ នាក់ស្លាប់ផងដែរ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងតំបន់អាស៊ានមានករណីឆ្លងថ្មីសរុបស ៧.៣១៣នាក់ នៅប្រទេសចំនួន៧ក្នុងតំបន់ និងស្លាប់១៥២នាក់ស្ថិតនៅប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ី ។ ប្រទេសទាំងពីរ ឥណ្ឌូនេស៊ីនិងហ្វីលីពីនគឺជាប្រទេស ដែលមានករណីឆ្លងច្រើនជាងគេបង្អស់ក្នុងតំបន់ដោយមានអ្នកឆ្លងថ្មី ជាង៣៣០០នាក់ ។ ជាមួយគ្នានេះនៅប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងច្រើនជាង២០០នាក់ក្នុងមួយថ្ងៃ។
តាមតួលេខរបស់ក្រសួងសុខាភិបាលហ្វីលីពីនក្នុងរយៈពេល២៤ម៉ោង មានករណីឆ្លង ដល់ទៅ ៣.៣៧២នាក់ និង៧៩នាក់ស្លាប់។
ដូច្នេះហ្វីលីពីនមានអ្នកឆ្លងសរុប២៦១.២១៦នាក់និងស្លាប់ ៤៣៧១នាក់ខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន៕ដោយ៖ធី រីណា