អន្តរជាតិ៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ពេលនេះកំពុងក្លាយទៅជាប្រធានបទថ្មីសម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតនាពេលខាងមុខ។ តាមសារព័ត៌មាន CNA នារសៀលថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃចន្ទ ដើម្បីថ្លែងពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះព្រៃដ៏សាហាវនៅក្នុងរដ្ឋភាគខាងលិចមួយនេះ។
ចំណែកបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ចូបៃឌិន គ្រោងថ្លែងសុន្ទរកថាមួយស្តីពីប្រធានបទអាកាសធាតុ នៅក្នុងរដ្ឋ Delaware ដែលបានដាក់បញ្ហាបម្រែបម្រួលអាកាសធាតុ ជាប្រធានបទដ៏ក្តៅគគុកសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខនេះ។
ពាក់ព័ន្ធបញ្ហាអាកាសធាតុ លោកដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការកើនឡើងកម្តៅផែនដី ដោយសារតែលោកគិតថា ជាផលប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិក ហើយបានបង្ហាញទស្សនៈរបស់លោកផ្ទាល់ថា ការគ្រប់គ្រងព្រៃឈើមិនបានល្អ គឺជាផ្នែកមួយបណ្តាលឲ្យភ្លើងឆេះព្រៃ ដែលកំពុងបន្តឆេះរីករាលដាលនៅទូទាំងភាគខាងលិចនៃសហរដ្ឋអាមេរិកនេះ។
ដោយឡែក លោកបៃឌិន បានចាត់ទុកថាភ្លើងឆេះព្រៃ ជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ បានដើរតួនាទីយ៉ាងសំខាន់ដែលបង្កឲ្យមានភ្លើងឆេះព្រៃដ៏អាក្រក់។ ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ បានកើតមាននៅរដ្ឋធំៗចំនួន៣នៅជាប់ឆ្នេរសមុទ្រភាគខាងលិចអាមេរិកមានដូចជា វ៉ាស៊ីនតោនស្តេត, អូរ៉េហ្គន និងកាលីហ្វ័រនីញ៉ា បណ្តាលឲ្យមនុស្ស ៣៣នាក់ស្លាប់៕ដោយ៖ធី រីណា