ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន

ចែករំលែក៖

ភ្នំពេញ៖ សូមបងប្អូនមេត្តាមានការ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ស្ដីពី ស្ថានភាពធាតុអាកាសធាតុ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ៖ តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C
នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។
២-បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ ។
៣-បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖
-តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។
-អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ដែលអាចកើតមានជាអាទ៍ ៖
-តំបន់ជាប់ផ្លូវទឹក ជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង
-អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ រលកសមុទ្រ ដែលអាចមានកម្ពស់ ពិសេសចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញា ឆ្នាំ២០២០៕

ដោយ៖សុខ ខេមរា


ចែករំលែក៖