ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញ «ដីកាបញ្ឈប់ការចាប់ខ្លួន» លោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ និងកូនប្រុសឈ្មោះ ហាក់ ឈុននី ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ។ នេះបើយោងតាមដីកាដែលអ្នកសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។
សូមបញ្ជាក់ថា លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុសពាក់ព័ន្ធបទល្មើសឆបោកប្រាក់អ្នកដទៃចំនួន១៥,០០០ដុល្លារអាមេរិក ។
នេះបើយោងតាមឯកសារជាច្រើនដែល ទើបទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។
ដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុសនាពេលនេះ ធ្វើឡើងក្រោយពីតុលាការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសសាលក្រមកំបាំងមុខមួយ ដោយសម្រេចផ្តន្ទាទោស លោកឧកញ៉ា ហាក់ សុវណ្ណា និងកូនប្រុសឈ្មោះ ហាក់ ឈុននី ដាក់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និង បង្គាប់ឱ្យសងប្រាក់ចំនួន៦០លានរៀលទៅដើមបណ្តឹង ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ តាមមាត្រា៣៧៧និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ដើមបណ្តឹង គឺ លោក ស៊ុន សេងហ៊ាង ថ្លែងប្រាប់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ ហាក់ សុវណ្ណា បានអះអាងថា កាស៊ីណូឈ្មោះ SOI DAI VAS មានច្បាប់អនុញ្ញាតត្រឹមត្រូវដែលមានទីតាំងស្ថិតនៅភូមិតូច ឃុំពេជ្រាចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកម្មសិទ្ធិរបស់ខ្លួន និងបើកដំណើរការយ៉ាងយូរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ដោយឱ្យឈ្មោះ ហាក់ ឈុននី ជាកូនប្រុសជាអ្នកមើលការខុសត្រូវកាស៊ីណូនេះ ។
លោក ស៊ុន សេងហ៊ាង ក្នុងនាមជាដើមបណ្តឹងបន្តថា ដោយជឿជាក់លើការអះអាងរបស់ឈ្មោះ ហាក់ សុវណ្ណា ទើបគាត់បានប្រគល់ប្រាក់ចំនួន១៥,០០០ដុល្លារអាមេរិកឱ្យទៅឈ្មោះ ហាក់ ឈុននី ដើម្បីរកស៊ីដាក់ទូបាញ់ត្រីនៅក្នុងកាស៊ីណូ តាមការសន្យា ។ ប៉ុន្តែក្រោយពីបានទទួលប្រាក់ចំនួន១៥,០០០ដុល្លារ រួចមក ឈ្មោះ ហាក់ សុវណ្ណា និង កូនប្រុសឈ្មោះហាក់ ឈុននី បាត់ដំណឹងរហូត ។ ចំណែកកាស៊ីណូ ក៏មិនមានច្បាប់និងមិនបានដំណើរការដែរ ៕ ដោយ៖ ចេស្តា