ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា​មានករណីឆ្លងកូវីដ​-១៩ជាង៤លាននាក់ ឈរលំដាប់ទី២លើពិភពលោក

ចែករំលែក៖

បច្ចុប្បន្ននៅលើពិភពលោក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង ២៩,៤លាននាក់ ស្លាប់ ជាង ៩៣៣ពាន់នាក់ និងព្យាបាលជាសះស្បើយ ជាង ២១,៣លាននាក់ផងដែរ។
ប្រទេសដែលមានករណីឆ្លងលឿនជាងគេគឺឥណ្ឌា ដោយក្នុងរយៈពេលខ្លីឥណ្ឌាមានករណីឆ្លងខ្ពស់ ហក់ឡើងដល់លេខរៀងទីពីរ ក្នុងតារាងប្រទេសមានករណីឆ្លងច្រើនបំផុត បន្ទាប់ពីអាមេរិក។ តាមសារព័ត៌មានស៊ីនហួ នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានផ្សាយថា ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយ​ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃទី១៥ ខែកញ្ញា បានឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាស៉ីខាងត្បូងមួយនេះ បានកើនលើស ៤.៩៣លានករណីហើយ។
ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា មកទល់ពេលនេះឥណ្ឌាមានករណីឆ្លងសរុប ៤,៩៣០,២៣៦ករណី ខណៈអ្នកស្លាប់ក៏បានកើនដល់ ៨០,៧៧៦នាក់ផងដែរ។ ចំណែកឯអ្នកជំងឺ ៩៩០,០២៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ខណៈអ្នកជំងឺ ៣,៨៥៩,៣៩៩នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
មកទល់ពេលនេះ ឥណ្ឌា បានធ្វើតេស្តទៅលើពលរដ្ឋដល់ទៅ ៥៨,៣១២,២៧២នាក់ នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សរហូតដល់១,០៧២,៨៤៥នាក់ ត្រូវបានធ្វើតេស្តនៅថ្ងៃទី​១៤ខែកញ្ញា៕ដោយ៖ធី រីណា


ចែករំលែក៖