ព័ត៌មានទាន់ហេតុការណ៍៖

ការចោទប្រកាន់ ដោយហេតុផលនយោបាយ របស់សមាជិកសភា និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ធ្វើឱ្យកម្ពុជាខកចិត្តបំផុត

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំដែងនូវការខកចិត្តបំផុតការចោទប្រកាន់ ដោយហេតុផលនយោបាយ របស់សមាជិកសភា និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក។ ក្នុងនោះបានលើកឡើងថា៖

ទី១-អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការខកចិត្តចំពោះការចោទប្រកាន់ ដោយហេតុផលនយោបាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់ឥស្សរជននយោបាយសហរដ្ឋអាមេរិក ចំនួនពីររូបគឺ លោក Alan Lowenthal សមាជិកសភា និងលោក Robert A. Destro ឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេស ទៅលើវិធានការរបស់អាជ្ញាធរកម្ពុជា ក្នុងការធានាសន្តិភាព សណ្តាប់ធ្នាប់ និងសុខភាព សាធារណៈនៅក្នុងប្រទេស។

ទី២-អ្នកនាំពាក្យកត់សម្គាល់ដោយសោកស្តាយយ៉ាងខ្លាំងថា ការវាយតម្លៃរបស់ពួកគេ មិនត្រឹមត្រូវទាល់តែសោះ និងមិនបានគិតពីទិដ្ឋភាពអង្គហេតុ និងអង្គច្បាប់នៃបញ្ហានេះ។ ប្រទេសកម្ពុជាលើកតម្កើងសេរីភាពនៃ ការបញ្ចេញមតិ សមាគម និងការជួបជុំដោយសន្តិវិធី ដូចដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ទោះយ៉ាងណា ការប្រើប្រាស់សិទ្ធិ និងសេរីភាពបែបនេះ ត្រូវអនុលោមតាមច្បាប់។ សេរីភាពនៃការ បញ្ចេញមតិ មិនមែនជាសេរីភាពក្នុងការផ្សព្វផ្សាយការរើសអើង ដែលនាំឱ្យមានការស្អប់ខ្ពើម ការប្រកាន់ ពូជសាសន៍ និងអំពើហិង្សានោះឡើយ។

ទី៣-គ្រប់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងក្រុមយុវជន មានសេរីភាពក្នុង ការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍជាតិ ដរាបណាសកម្មភាពអស់ទាំង នោះស្ថិតនៅក្រោមដែនកំណត់នៃច្បាប់។

ទី៤-អ្នកនាំពាក្យកត់សម្គាល់នូវកម្រិតជាក់លាក់មួយនៃស្តង់ដារទ្វេ ដែលសម្តែងចេញដោយឥស្សរជន ទាំងពីរ ដោយម្យ៉ាងអំពាវនាវឱ្យដោះលែងក្រុមពិសេសមួយចំនួនក្រៅប្រព័ន្ធតុលាការ ដែលផ្ទុយទៅនឹង ការអនុវត្តនៃដំណើរការនីតិវិធីតុលាការ និងម្យ៉ាងវិញទៀត បែរជាអំពាវនាវឱ្យគោរពនីតិរដ្ឋទៅវិញ។ ៥. កម្ពុជារក្សាការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃ ចំពោះការគាំទ្ររបស់សហរដ្ឋអាម៉េរិក ដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕

ដោយ៖សុខ ខេមរា


ចែករំលែក៖