ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដទៃទៀតក្នុងករណីគាស់ឃ្លាំងលួចយកទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រោយពីទទួលបាននូវបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យុន កែវ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចគាស់ឃ្លាំងយកទ្រព្យសម្បត្តិ ដែលប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២ និង០០នាទីយប់ នៅចំណុចមណ្ឌល២ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្សាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ វង្ស និត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឃាត់ខ្លួននៅវេលាម៉ោង១០ និង១៣នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយពីសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានចូលរួមជាមួយបក្សពួកមួយចំនួនផ្សេងទៀតក្នុងការលួចគាស់សោរឃ្លាំងដើម្បីលួចយកអីវ៉ាន់របស់ម្ចាស់បណ្ដឹងខាងលើពិតប្រាកដមែន មានដូចជា ប្រេងបូប១៨លីត្រ (ចំនួន១៨កាដុង) អាគុយ៧០អំពែ ចំនួន០៨គ្រាប់ ដូយរថយន្ត៣០តោន ចំនួន០២ ម៉ូទ័រកាត់ដែកចំនួន០៣គ្រឿង ម៉ូទ័រលាងរថយន្តចំនួន០៥គ្រឿង ឌីណាម៉ូរថយន្តចំនួន០៤គ្រឿង និងសម្ភារមួយចំនួនទៀត។ ដោយយោងតាមចម្លើយសារភាព កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌមូលដ្ឋាន អាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកបក្សពួកផ្សេងទៀតកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត កំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនបន្ត។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕ដោយ៖ស សម


ចែករំលែក៖