ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា៖ ខ្ញុំ និងភរិយា មានសេចក្តីរន្ធត់ក្តុកក្តួលសង្វេគសោកស្តាយជាអនេក ប្រកបដោយសមានទុក្ខដ៏ ក្រៀមក្រំជាទីបំផុត ចំពោះមរណភាពនៃសមាជិកក្រុមគ្រួសារចំនួន ០៨រូប កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិ រន្ទះបាញ់ ដែលបានកើតឡើងនៅភូមិបឹងធ្លុយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ក្នុងនាមខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ និងទុក្ខព្រួយដ៏ក្រៀមក្រំជាមួយក្រុម គ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក លោកស្រី ជាសមាជិកក្រុមគ្រួសារទាំង ០៨រូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ទន្ទឹមនេះ ខ្ញុំក៏សូមជូនពរអ្នករងរបួសចំនួន ០៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺ សូមឆាប់បានជាសះ ស្បើយដើម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃ ជាប្រក្រតីឡើងវិញ ។
សូម លោក លោកស្រី ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវសេចក្តីស្រលាញ់ រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕
ដោយ៖សិលា