ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជូនដំណឹងពីការដាក់ពាក្យស្នើសុំផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ មេត្តាជ្រាបថា អនុលោមតាមមាត្រា៤៤ និងមាត្រា១០៦ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា គឺការបំពេញ មុខងារជាចៅក្រម ឬព្រះរាជអាជ្ញានៅគ្រប់សាលាជម្រះក្តី ឬអង្គការអយ្យការអមសាលាជម្រះក្តី មានវិសមិត ភាពជាមួយការបំពេញមុខងារសាធារណៈ មុខងារជាតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មុខងារទទួលអាណត្តិដោយការបោះឆ្នោតដ៍ទៃទៀត ឬមុខងារជាទីប្រឹក្សាគ្រប់ឋានានុក្រម លើកលែងតែមានបទប្បញ្ញត្តិផ្ទុយពីនេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ ចៅក្រម និងព្រះរាជអាជ្ញា ដែលកំពុងបំពេញមុខងារនៅសាលា ជម្រះក្តី ឬអង្គការអយ្យការអមសាលាជម្រះក្តី មានជាប់ពាក់ព័ន្ធនឹងមុខងារដូចបានរៀបរាប់ខាងលើ ហើយមាន បំណងចង់នៅបំពេញមុខងារណាមួយដែលមានវិសមិតភាពដូចបានរៀបរាប់ខាងលើនេះ ត្រូវមកដាក់ពាក្យ សុំផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា នៅអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឱ្យបាន យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២០ ដើម្បីអនុវត្តឱ្យស្របតាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។

ក្នុងករណីចៅក្រម និងព្រះរាជអាជ្ញាដែលមានពាក់ព័ន្ធ ហើយមិនបំពេញកាតព្វកិច្ចឱ្យបានទាន់ពេល វេលាដូចជម្រាបជូនខាងលើនោះទេ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងពិនិត្យចាត់ការតាមនីតិវិធីជាធរមាន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖