ព័ត៌មានទាន់ហេតុការណ៍៖

ថៃមានករណីស្លាប់ថ្មីម្នាក់ដោយកូវីដ​-១៩ ក្រោយរយៈពេលជាង​១០០ថ្ងៃ

ចែករំលែក៖

ប្រទេសថៃ៖ នៅថ្ងៃទី ១៨ខែកញ្ញា ថៃមានករណីស្លាប់ម្នាក់ដោយកូវីដ-​១៩ លើកដំបូង ក្រោយរយៈពេលជាង​១០០ថ្ងៃ មិនមានអ្នកស្លាប់ ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សំដីប្រធាន នាយកដ្ឋានទេសចរណ៍​ថៃលោក Somsak Akksilp បានលើកឡើងថា មានអ្នកជំងឺកូវី—​១៩ ម្នាក់ស្លាប់ មានអាយុ​៥៤ឆ្នាំ​ ជាជនជាតិថៃមកពីបរទេសកាលពីដើមខែកញ្ញា។
បុរសវ័យ ៥៤ឆ្នាំ ជាអ្នកបកប្រែ​នៅ ប្រទេសសាឌីអារ៉ាប៊ី និងធ្វើការនៅក្នុងក្រសួង​ពលកម្មថៃ​ ត្រូវបានព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ក្នុងរយៈពេល ២សប្តាហ៍កន្លងមក ហើយបានស្លាប់នៅថ្ងៃទី​១៨ខែកញ្ញា​។
ពាក់ព័ន្ធស្ថានភាពកូវីដ​-១៩នៅក្នុង ប្រទេសថៃ មកទល់ពេលនេះមានអ្នកឆ្លងសរុប​ដល់ទៅ ៣៤៩៧នាក់ និងស្លាប់៥៨នាក់ ។ ជាមួយគ្នានោះដែរអ្នកព្យាបាលជាសះស្បើយមានដល់ទៅ ៣៣២៨នាក់ នៅសល់អ្នកជំងឺកំពុងតែព្យបាលជាង​១០០នាក់ទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបានព្រមានថា ចំនួនអ្នកឆ្លងគួឲ្យបារម្ភ ដោយមានជាង ៣០លាននាក់ហើយឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក និងស្លាប់​ជិត ១លាននាក់​។ ជាមួយគ្នានេះ ក៏មានអ្នកព្យាបាលជាសះស្បើយជាង ២២លាននាក់ផងដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖