ខេត្តប៉ៃលិន៖ បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត លោកស្រីឧកញ៉ា ស៊ុំ ហៀង សភាពាណិជ្ជកម្មខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងព្រះសង្ឃទាំង ២គណៈ ដែលនិមន្តមកពីវត្ត ទាំង ៣២វត្ត ទូទាំងខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ នំអន្សម និងថវិកា ទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារបូរណទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកំពុងបំពេញបេសកកម្ម បម្រើជាតិនិងប្រជាជន ជានិច្ច ជាពិសេសកងកម្លាំងជួរមុខ ដែលកំពុងឈរជើង ការពារបូរណៈភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែន ដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង ឲ្យកាន់តែប្រសើឡើង ព្រមទាំងជំរុញការចងសម្ព័ន្ធមេត្រីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយ ជាក់ស្តែងពេលនេះ ក្រោយពីបញ្ចប់ពិធីបុណ្ឌកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិរួចមក ថ្នាក់ដឹកនាំខេត្តគ្រាប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃទាំង ២គណៈ បានសហការគ្នាចុះសាកសួរសុខទុក្ខ និងនាំយកសំភារៈគ្រឿងឧបភោគបរិភោគ នំអន្សម និងថវិកា មកឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន គឺបានបង្ហាញឲ្យឃើញពីសាមគ្គីភាព ប្រកបដោយភាពស្និទ្ធស្នាល ក្នុងនាមខ្មែរតែមួយ និងសិល្បៈនៃការចែករំលែករបស់សមរភូមិក្រោយ ផ្សារភ្ជាប់នឹងសមរភូមិមុខ។
លោក អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងការគិតគូខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្ព័ន្ធមេត្រីភាពសមរភូមិក្រោយ ពោលគឺនាយ នាយរង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៅលើអ្វីដែលជាកាតព្វកិច្ចរបស់កងកម្លាំង គឺត្រូវខិតខំបង្កើនថែមទៀត នូវការការពារបូរណភាពទឹកដីរបស់យើង ទោះជាប្រទេសយើងស្ថិតក្នុងស្ថានភាពសុខសន្តិភាពយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនត្រូវមានការធ្វេសប្រហែសក្នុងការការពារបូរណភាពទឹកដីរបស់យើងនោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឲ្យបានជិតស្និទ្ធ ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស ជាពិសេសសូមថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើតមានជំងឺដម្កាត់ផ្សេងៗ ហើយបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែមិនទាន់ធូស្រាលនៅឡើយ ដូចច្នេះសូមគ្រប់អង្គភាពទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងបន្តការការពារសុខភាពអោយបានខ្ពស់បំផុតកុំធ្វេសប្រហែស ដោយត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល រឺសាប៊ូ និងការសម្អាតអនាម័យជាប្រចាំ។
ជាការឆ្លើយតប ក្នុងនាមកងកម្លាំងប្រដាប់អាវុធទាំងអស់ លោកវរៈសេនីយ៍ឯក កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុង ខេត្តប៉ៃលិនទាំងអស់ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងទាំងអស់ជាញឹកញាប់ ហើយសកម្មភាពនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្តភារកិច្ចតួនាទីរបស់ខ្លួន ដើម្បីកិច្ចការពារបូរណៈភាពទឹកដីឲ្យបានរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើងផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានយកទៅឧបត្ថម្ភដល់កងកម្លាំងនាឱកាសនោះរួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖សិលា