ខេត្តពោធិ៍សាត់៖ ចោរចិត្តស្លុយម្នាក់ខណ: ឃើញរថយន្តរបស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទើបត្រឡប់មកពីចុះបេសកកម្មចតទុកចោលនៅក្នុងអង្គភាពមិនដកសោ បានចូលទៅលួចរួចបើកចេញមិនបានប៉ុន្មានគីឡូម៉ែត្រផង ក៏បុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើងទៅមុខលែងរួច ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ហេតុកាតណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រង់ចំណុចក្នុងស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃររៀង ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះ សេង សៀប ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យ បានចូលលួចរថយន្ត១គ្រឿង ម៉ាកម៉ាស្តា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ONG 12-0014 ខណៈដែលរថយន្តនេះមន្ត្រីទើបបើកត្រឡប់មកពីចុះល្បាត ហើយបានចតទុកចោល ក្នុងស្នាក់ការដោយភ្លេចដកសោចេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីចូលលួចរថយន្តបានសម្រេច ជនសង្ស័យបានបើកមកដល់ផ្លូវកោង ដល់ចំណុចត្រដក់ពង ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាច់ចង្កូតមិនទាន់ ក៏ទៅបុកបង្គោលរបាំងផ្លូវ បណ្តាលឱ្យក្រឡាប់ធ្លាក់ចុះពីលើផ្លូវ ផ្ងារជើងទៅមុខលែងរួច ទាំងរថយន្ត ។ពេលនោះសមត្ថកិច្ចទៅដល់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
បន្ទាប់មករថយន្តនេះត្រូវបានស្ទូចយកទៅរក្សាទុក នៅស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃ (រវៀង)ដើម្បីធ្វើការជួសជុល។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ប្រាថ្នា