ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ១សម្រាប់គោលដៅទេសចរណ៍ក្នុងស្រុកក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ

ចែករំលែក៖

         ខេត្តបាត់ដំបង៖ ខេត្ដបាត់ដំបងជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា។នេះបើយោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលនគរវត្ដយើងទទួលបាននៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

   ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ១.១១២. ៤០៣នាក់ ក្នុងនោះជិត៧.០០០នាក់ជាភ្ញៀវអន្តរជាតិ។

    សូមបញ្ជាក់ថា ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរបានចំនួន ១៣៤.៤៤០នាក់ ជាប់ចំណាត់ថ្នាក់លេខ១ លេខ២បានទៅលើខេត្តសៀមរាប ដោយមានភ្ញៀវទេសចរចំនួន ១២២.៣៧០នាក់ និងលេខ៣ ខេត្តកំពត មានភ្ញៀវទេសចរចំនួន៩៤.៤៧៩នាក់ ។

   របាយការណ៍បានកត់សម្គាល់ថា បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួនក្តី ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើននៅតែ មានភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើនកុះករ។ ម៉្យាងទៀត ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរឱ្យកត់សម្គាល់ទេ។

    ដោយឡែកបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីគណៈ បញ្ជាការឯកភាពរាជធានី,ខេត្ត និងកាត់បន្ថយកាន់តែប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។

   ប្រភពដដែលក៏បានបន្ថែមថា គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការរំលឹកដាស់តឿនជាប្រចាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្ត នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការណែនាំឱ្យពាក់ម៉ាស់ និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើន ហើយការយល់ដឹង និងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរក៏មានភាពកាន់តែប្រសើរ។

   តាមរបាយការណ៍បានបញ្ជាក់ថា៖ ជារួមប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន មានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសច រណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ បន្ថែមពីការឈប់សម្រាកសងចូលឆ្នាំខ្មែរ កាលពីខែសីហាកន្លងមក ដោយការចំណាយរបស់ភ្ញៀវទេសចរ បានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន ៕ ដោយ៖សំរិត


ចែករំលែក៖