កំពង់ឆ្នាំង ៖ បុរសជាជនសង្ស័យម្នាក់ជាកូនបង្កើតបានផ្ទុះកំហឹងស្ទុះយកកាំបិតប៉័ងតោទៅកាប់ម្តាយបង្កើរបស់ខ្លួនបណ្តាលឲ្យរងរបួសឈាមស្រោចពេញទាំងខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅមានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះឃឹម ស៊ីណា ភេទប្រុស ២៨ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ត្រូវជាកូនបង្កើរបស់ជនរងគ្រោះ ។ ដោយឡែកម្តាយរងគ្រោះមានឈ្មោះ ជូ សុភ័ណ្ឌ អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រុសនិងម្តាយបានឈ្លោះទាស់សំដីគ្នាយ៉ាងខ្លាំង ពេលនោះម្តាយបានណែនាំកូនកុំឲ្យដើរលេងខ្លាំងពេក ។ ស្រាប់តែភ្លាមនោះ កូនប្រុសរូបនោះបានស្ទុះទាំងកំហឹង ដៃកាន់កាំបិតផងនោះ កាប់មកលើម្តាយបង្កើតដែលកំពុងអង្គុយលើគ្រែភ្លាមៗ ត្រូវចំថ្ពាល់ស្តាំមួយកន្លែង លើចញ្ចើមមួយកន្លែង និងត្រូវចំក្បាលមួយកន្លែង បណ្តាលឲ្យម្តាយរងរបួសឈាមស្រោចពេញខ្លួនតែម្តង ។ ក្រោយពីកាប់មកលើម្តាយរួច ជនសង្ស័យដែលជាកូនប្រុសបង្កើតបានដើរចេញពីផ្ទះបាត់ ហើយម្តាយត្រូវបានអ្នកស្រុកដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យ ។ លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចបានចាប់ជនសង្ស័យបាន និង បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ចន្ថា