ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​នរកប្រេតចូល​គាស់ទ្វារកុដិ​​ចៅអធិការ​វត្តអូរដូនតា វះធុងលួចយកបច្ច័យអស់ជាង២ពាន់ដុល្លារ

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖  ​មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពី ព្រឹកថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅកុដិ​របស់​ព្រះសង្ឃ​ចៅអធិការ​វត្ត​អូរ​ដូនតា​  ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត្តប៉ៃលិន បន្ទាប់ពីចោរមិនស្គាល់មុខចូលលួចកាត់គន្លិះសោទ្វារកុដិ រួចចូលទៅវះធុងលុយជាង២០០០ដុល្លារគេចខ្លួនដោយសុវត្ថិភាព។

​ព្រះចៅអធិការវត្តមានព្រះជន្មជាង៧០វស្សាបានមានថិរដីកា ប្រាប់​សមត្ថកិច្ច​ថា ប្រាក់ (​បច្ច័យ​) ដែល​ចោរលួច​នោះ​មាន ៖ លុយ​ថៃ​ចំនួន ១០ ០០០ បាត​, លុយ​ខ្មែរ​ចំនួន ២.២០០ ០០០ រៀល​, លុយ​ដុល្លារ​ចំនួន ១ ៨៣០ ដុល្លារអាមេរិក។ព្រះចៅអធិការវត្តបន្តថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ព្រះ​ចៅអធិការ​វត្ត​បាន​និមន្ត​ទៅ​ឆាន់ចង្ហាន់​ថ្ងៃត្រង់​នៅ​សាលាឆាន់​ក្នុង​វត្ត ដោយ​បាន​ទុក​បច្ច័យ​នៅ​ក្នុង​បន្ទប់ រួច​ក៏​ចាក់​សោ​ទ្វារ​កុដិ​ពី​ខាងក្រៅ​យ៉ាងត្រឹមត្រូវ ។

លុះ​ពេល​ឆាន់ចង្ហាន់​ថ្ងៃត្រង់រួច ព្រះ​ចៅអធិការ​វត្ត​ក៏​និមន្ត​ត្រឡប់​មក​កុដិវិញ ស្រាប់តែ​ឃើញ​សោ​ត្រូវចោរកាត់ដាច់និងទ្វារ​កុដិ​របើក ពេល​នោះ​ព្រះ​ចៅអធិការ​វត្ត​ក៏​មានការ​សង្ស័យ ទើប​និមន្ត​ចូល​មើល​ខាងក្នុង​ទើប​ដឹង​ថា ចោរ​បាន​វះ​ប្រអប់​ធុង​ដាក់​លុយ រួច​លួច​យក​លុយ​ទាំងនោះបាត់​អស់​ទៅ​ហើយ ។មុន​ពេល​ព្រះ​ចៅអធិការ​វត្ត​និមន្ត​ទៅ​សាលាឆាន់ ព្រះ​អង្គ​បានឃើញ ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដាឃ្លិក(Click) ពណ៌​ស ទៅ​ឈប់​មុខ​កុដិ ដោយ​ពាក់អាវ​ភ្លៀង និង​ពាក់មួក​សុវត្ថិភាព ពណ៌​ខ្មៅ តែ​មិន​បាន​មើលឃើញ​ស្លាក​លេខ​ម៉ូតូ​នោះ​ទេ គ្រានោះ​ព្រះ​អង្គ​ក៏​ស្មាន​តែ​ជន​រូប​នេះ​ឈប់​ជ្រក​ភ្លៀង​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ខណៈនោះ​ព្រះសង្ឃ​ក្នុង​វត្ត​បាន​និមន្ត​ទៅ​សាលាឆាន់ ដើម្បី​ឆាន់ចង្ហាន់​ថ្ងៃត្រង់​អស់​ទៅ លុះ​ក្នុង​ថេរៈវេលា​ប្រហែលជា​១​ម៉ោង ទើប​ព្រះ​អង្គ​និមន្ត​មក​វិញ ក៏​ឃើញចោរកាត់សោទ្វារចូលក្នុងបន្ទប់ រួច​លួច​យក​លុយ​អស់​តែ​ម្តង ទើប​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត ។

តែ​យ៉ាងណា​ក្តី ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ប្រមូលភស្តុតាង និង​បាន​ធ្វើ​កំណត់ហេតុ ដើម្បី​កំណត់​មុខសញ្ញា​ទុក​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ចោរចិត្តប្រេត​ថ្លើមពាសមេឃ​ដែល​ហ៊ាន​កាត់​សោ​ទ្វារ​កុដិ​ព្រះ​ចៅអធិការ​វត្ត ចូល​លួច​យក​បច្ច័យ​ទាំង​កណ្តាលថ្ងៃត្រង់​នោះដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖