ខេត្តព្រះសីហនុ៖ បន្ទាប់ពីធាតុអាកាសបានធូរស្រាលបន្តិច នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំអូប៊រល្បឿនលឿនជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវជាតិ.អន្តរជាតិ ឲ្យបានវិលត្រឡប់មកក្រុងព្រះសីហនុវិញ ក្រោយជាប់នៅលើកោះប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារ ឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់រលកសមុទ្រខ្ពស់មិនអាចឲ្យទូក អូប៊រ័ធ្វើដំណើរឆ្លងកាត់បាន ។ ជាមួយគ្នានេះ នៅក្រុងកោះរ៉ុង គណបញ្ជាការឯកភាពរដ្ឋបាលក្រុងក៏បានចាត់ចែងត្រួតពិនិត្យរាល់ការចេញដំណើរពីដើមទី(កោះរ៉ុង)ផងដែរ។
តាមរបាយការណ៍របស់ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ដែលបានជាប់គាំងនៅតាមបណ្តាកោះនានាមិនទាន់អាចធ្វើដំណើរត្រឡប់មកដីគោកវិញ ដោយសារឥទ្ធិពលភ្លៀង-ខ្យល់កន្រ្តាក់រយះពេលប៉ុន្មានថ្ងៃនេះមានចំនួន៧គោលដៅ ក្នុងនោះ ៖
១-កោះរ៉ុងសន្លឹម ចំនួនសរុប : ៣៥៣នាក់
២-កោះរ៉ុង ចំនួនសរុប : ៣០៣នាក់
៣-ឆ្នេរឡុងសិត សរុបចំនួន : ១៣៤នាក់
៤-ផែរបាកាស សរុបចំនួន : ៤០នាក់
៥-ឆ្នេរឋានសួគ៌ សរុបចំនួន : ១១២នាក់
៦-ភូមិ២៣ សរុបចំនួន : ២៥នាក់
៧-ឆ្នេរសេនដី សរុបចំនួន : ១០៩នាក់
សរុបទាំងអស់ភ្ញៀវដែលជាប់គាំងនៅតាមបណ្ដាគោលដៅ មានចំនួនសរុប : ១.០៧៦នាក់ ។ បច្ចុប្បន្ន អាជ្ញាធរ ក្រុង-ខេត្តព្រះសីហនុបាន នឹងកំពុងចាត់វិធានការណ៍ អន្តរាគមន៍ដឹកជញ្ជូនពួកគាត់មកកាន់ដីគោកអោយប្រកបដោយសុវត្ថិភាព តាមពេលវេលា និងស្ថានភាពនៃអាកាសធាតុដែលអំណោយផល ៕
ដោយ៖ សិលា