ភ្នំពេញ៖ សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានសេចក្តីថ្លែងការណ៍ថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាត់ទុកការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកមកលើក្រុមហ៊ុន Union Development Group នៅកម្ពុជាមិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ ។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ ក្នុងនាមស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបន្ទុកលើការវិនិយោគមកពីបរទេស និងការវិនិយោគក្នុងស្រុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការសោកស្តាយជាទីបំផុតចំពោះព័ត៌មាន ដែលបាន ផ្សាយ ថាក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (UDG) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ មានទីតាំងស្ថិតនៅក្នុងស្រុក បុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ក្រោមហេតុផលដែលមិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ។ ជុំវិញហេតុផលដែលនាំឱ្យក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសូមធ្វើការគូសបញ្ជាក់ដូចខាងក្រោម
១ -ករណីដែលក្រសួងរតនាគារសហរដ្ឋអាមេរិកអះអាងថា ក្រុមហ៊ុន UDG ជាក្រុមហ៊ុនរបស់រដ្ឋាភិបាល ចិននោះ គឺមិនស្របទៅនឹងឯកសារតម្កល់ទុកនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទេ។ តាមឯកសារ តម្កល់ទុកនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន UDG ជាក្រុមហ៊ុនបរទេស ដែលមាន វិញ្ញាបនបត្រ ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា លេខ INV.1323 E/2008 មានភាគហ៊ុន ១០០% កាន់កាប់ដោយក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ដែលបានចុះបញ្ជីនៅប្រទេសចិន។ ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ជាក្រុមហ៊ុនឯកជនសុទ្ធសាធ ដែលត្រូវបាន បង្កើតឡើងនៅឆ្នាំ១៩៩៥ នៅទីក្រុងធានជីង ប្រទេសចិន ដែលមានជំនាញលើផ្នែកវិនិយោគ អចលនទ្រព្យ។ ជាក់ស្តែងមុនពេលមកបណ្តាក់ទុននៅកម្ពុជា ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd បានដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយ ជោគជ័យលើផ្នែកអចលនទ្រព្យនៅលើកោះហៃណាន ប្រទេសចិន។
ក្រុមហ៊ុន UDG បានលើកសំណើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានលំហែកាយមាត់ សមុទ្រ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៨។ ឆ្លងតាមការពិនិត្យសិក្សា ស្រាវជ្រាវ និងការពិភាក្សាក្នុងអង្គប្រជុំ “ច្រកចេញ-ចូលតែមួយ ជាបន្តបន្ទាប់រួចមក ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាបានសរុបមតិសុំការពិនិត្យសម្រេចពីប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការវិនិយោគតាមសំណើ។ ដូច្នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រ ជាស្ថាពរលេខ១៥៣៣០៨ គ.1. ក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨។ ចុះបញ្ជី
២- ករណីផ្តល់ទីតាំងមានទំហំលើសពី ១០.០០០ហិកតា។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាន អះអាងថាការផ្តល់ទីតាំងជូនក្រុមហ៊ុន UDG ធ្វើការអភិវឌ្ឍមានទំហំលើសពីចំនួនដីសម្បទានដែល ច្បាប់កំណត់។ ជាការពិត ច្បាប់ភូមិបាលមិនអនុញ្ញាតឱ្យក្រុមហ៊ុនណាមួយទទួលបាន ដីសម្បទាន លើសពី ១០.០០០ហិកតាឡើយ ប៉ុន្តែគម្រោងរបស់ក្រុមហ៊ុន UDG នេះ ពុំមែនជាករណីទទួលបាន ដីសម្បទានសេដ្ឋកិច្ចទេ។ ករណីនេះជាការជួលទីតាំងដែលពុំមានច្បាប់ណាមួយកំណត់ពីទំហំ អតិបរមាឡើយ។ ដូចនេះ ការជួលទីតាំងឱ្យក្រុមហ៊ុន UDG ក្នុងទំហំលើសពី ១០ ០០០ហិកតានេះ ពុំមែនជាការអនុវត្តខុសច្បាប់ទេ។ ក្នុងការជួលទីតាំងនេះ រាជរដ្ឋាភិបាលបានគោរពនិងអនុវត្ត ស្របតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។
៣- ករណីចោទប្រកាន់ថា ក្រុមហ៊ុន UDG បានបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីដីរបស់ខ្លួន ។ ទីតាំង វិនិយោតរបស់ក្រុមហ៊ុន UDG គឺជាផ្នែកមួយនៃឧទ្យានជាតិបុទុមសាគរ ដែលជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ។ ដោយផ្អែកតាមច្បាប់ ទីតាំងឧទ្យានជាតិនេះពុំអាចមានបុគ្គលណាម្នាក់ មានសិទ្ធិកាន់កាប់ និងអាស្រ័យផលបានឡើយ ប៉ុន្តែ ជាក់ស្តែងមានប្រជាពលរដ្ឋមួយចំនួនបានរស់ នៅ និងអាស្រ័យផលនៅលើទីតាំងដែលត្រូវបានជួលឱ្យក្រុមហ៊ុនUDG វិនិយោគ ក្នុងស្មារតីគិតគួរ ដល់ប្រជាពលរដ្ឋទាំងនោះ កិច្ចសន្យាជួលទីតាំងវិនិយោតនេះត្រូវបានរៀបចំឡើងប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់បំផុត ហើយបានដាក់ឆ្គងកិច្ចប្រជុំអន្តរក្រសួងជាច្រើនលើកច្រើនសារ ដើម្បីកំណត់យន្តការ និងនីតិវិធីដោះស្រាយមួយដ៏ត្រឹមត្រូវជាមួយប្រជាពលរដ្ឋទាំងនោះដោយ ជៀសវាងការបង្ខិតបង្ខិណាមួយ។ ជាក់ស្តែង បន្ទាប់ពីកិច្ចសន្យាជួលទីតាំងវិនិយោគត្រូវបានចុះ ហត្ថលេខារួច ក្រុមការងារអន្តរក្រសួងមួយត្រូវបានបង្កើតឡើង សម្រាប់ធ្វើជាយន្តការដោះស្រាយ ទីតាំងជូនប្រជាពលរដ្ឋខាងលើ។ ក្រុមការងារអន្តរក្រសួងនេះបានចុះស្រង់ស្ថិតិ សិក្សាលើគ្រប់ ទិដ្ឋភាពទាំងអស់ មុននឹងធ្វើរបាយការណ៍សុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល ។ ជារួម ការ ដោះស្រាយជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅលើទីតាំងជួល ត្រូវបានអនុវត្តតាមគោលការណ៍ ស្ម័ត្រចិត្ត សន្តិវិធី ដោយគ្មានការបង្ខិតបង្ខំ និងស្របតាមខ្លឹមសារទាំងស្រុងនៃកិច្ចសន្យា។
– ករណីចោទប្រកាន់ថា ការអភិវឌ្ឍន៍នេះបានបំផ្លិចបំផ្លាញបរិស្ថាន ។ ក្នុងកិច្ចដំណើរការអនុវត្ត គម្រោងវិនិយោគ ក្រុមហ៊ុន UDG ត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមប្លង់មេ កម្មវិធីអភិវឌ្ឍន៍ និង របាយការណ៍ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដែលទទួលបានការឯកភាពពីក្រសួង បរិស្ថាន។ ប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍ដែលក្រុមហ៊ុន UDG ត្រូវអនុវត្តនេះត្រូវបានពិនិត្យពិភាក្សា និងសម្រេចយ៉ាងត្រឹមត្រូវតាមរយៈកិច្ចប្រជុំអន្តរក្រសួង ដែលមានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័នជំនាញ បន្ទាប់ពីការវិភាគសិក្សា និងវាយតម្លៃយ៉ាងហ្មត់ចត់និងច្បាស់លាស់។ លើស ពីនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យធ្វើការវិនិយោគ ក្រុមហ៊ុន UDG នៅបន្តមានកាតព្វកិច្ចក្នុងការផ្តល់នូវរបាយការណ៍សកម្មភាពលម្អិតពីការអភិវឌ្ឍនានានៃគម្រោងវិនិយោគរបស់ខ្លួនស្របតាមប្លង់មេ ជួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការពិនិត្យ វាយតម្លៃ និងតាមដាន ជាប្រចាំ ដើម្បីធានាថា ការអនុវត្តគម្រោងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ជាមួយនេះ គណៈកម្មការអន្តរ ក្រសួងបានកំណត់កម្មវិធីចុះពិនិត្យ ដល់ទីតាំង ផ្ទាល់ការអនុវត្តគម្រោងរបស់សាមីក្រុមហ៊ុននៅ រៀងរាល់៦ខែម្តង។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ្មានមូលដ្ឋានកងទ័ពបរទេសណាមួយ អាចត្រូវបានបង្កើតនៅកម្ពុជាឡើយ ទោះជាមូលដ្ឋានកងទ័ពចិន អាមេរិក ឬប្រទេសណាមួយក៏ ដោយ ។ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានបដិសេធជាច្រើនលើកច្រើនសាររួចហើយដែរ ចំពោះ ព័ត៌មានដែលថា កម្ពុជាអាចទទួលយកកងទ័ពបរទេសមកឈរជើងនៅក្នុងទឹកដីរបស់ខ្លួន។ ដូចនេះ កម្ពុជាស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងរកការពិតរបស់សហរដ្ឋអាមេរិក ឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ការចោទប្រកាន់ និងការមន្ទិលសង្ស័យនេះ។ គួររំលឹកផងដែរថា នាពេលកន្លងមក តំណាងស្ថានទូតនៃប្រទេសមួយចំនួន រួមទាំងអនុព័ន្ធយោធាអមស្ថានទូត ក៏ធ្លាប់បានទៅទស្សនកិច្ច ទៅតំបន់អភិវឌ្ឍន៏តារាសាគរ នាថ្ងៃទី១២ ខែកុម្ភៈ និងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ នេះរួចហើយផង ដែរ។
បន្ថែមពីការគូសបញ្ជាក់ខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យឃើញថា គម្រោងវិនិយោគរបស់ ក្រុមហ៊ុន UDG នេះបានចូលរួមចំណែកក្នុងការទាក់ទាញក្រុមហ៊ុន វិនិយោគខាងលើ តាមរយៈការជួលបន្តនូវទីតាំងតាមផ្នែក ជាច្រើនបន្ថែមទៀតមកវិនិយោគនៅទីតាំង ៗដល់ក្រុមហ៊ុនវិនិយោគនានាស្របតាមកិច្ចសន្យា ជួល។ ដូចនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយល់ឃើញថា ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋ អាមេរិកនេះ នឹងជះឥទ្ធិពលជាអវិជ្ជមាន ដែលមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន UDG ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់ការងារប្រជាជនស្លូតត្រង់ជាច្រើន ក៏ដូចដល់បរិស្ថានធុរកិច្ចនិងវិនិយោគ ទាំងមូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងនាមស្ថាប័នដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការទាក់ទាញលំហូរវិនិយោគពីគ្រប់មជ្ឈដ្ឋាន លើសកលលោក ដើម្បីចូលមកអភិវឌ្ឍន៍ប្រទេសដែលបានខិតខំប្រឹងប្រែងងើបឈរពីតំនរផេះផង់ រហូត ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានឯកត្តកម្មកំណើនក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសង្ឃឹមថារដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងពិចារណាឡើងវិញចំពោះការសម្រេចចិត្ត ដាក់ទណ្ឌកម្មលើក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (UDG) ជាក់ ជាមិនខាន៕
ដោយ៖សុខ ខេមរា