អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញាឆ្នាំ២០២០ បានចេញផ្សាយថា៖ ក្រុមបាតុករថៃ បានប្រមូលផ្ដុំមនុស្សរាប់ពាន់នាក់នៅតាមដងផ្លូវនៃទីក្រុងបាងកក ដើម្បីទាមទារឲ្យលោក ប្រាយុទ្ធចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃចុះចេញពីតំណែងនិងទាមទារឲ្យមានការកែទម្រង់លើរបបរាជានិយមនៅក្នុងប្រទេសថៃ។
សូមជម្រាបថា បច្ចុប្បន្ននេះយើងសង្កេតឃើញថា៖ ប្រទេសថៃ មានការប្រមូលផ្តុំគ្នាធ្វើបាតុកម្មស្ទើររាល់ថ្ងៃ ដែលដឹកនាំដោយក្រុមយុវជនចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០មកម្លេះ ជាមួយគោលដៅទាមទារឲ្យអតីតមេបញ្ជាការកងទ័ព ដែលនៅពីក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ គឺលោកប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ននេះ ឲ្យចុះចេញពីតំណែង។
ជាមួយគ្នានោះដែរ ក៏មានការទាមទារឲ្យមានការកែទម្រង់របបរាជានិយមថៃដែលមានទ្រព្យស្តុកស្តម្ភ និងមានអំណាចខ្លាំងក្លាបំផុតនៅក្នុងព្រះរាជាណាចក្រមួយនេះផងដែរ ខណៈវាជាប្រធានបទមួយដ៏រសើបបំផុតដោយសារប្រទេសថៃមានច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងការបរិហារកេរ្តិ៍ព្រះមហាក្សត្រ។
ជាក់ស្តែង ចលនាបាតុកម្មនៅប្រទេសថៃនេះ ដែលត្រូវគេមើលឃើញថាទទួលឥទ្ធិពលពីចលនាបាតុកម្ម នៅទីក្រុងហុងកុងរបស់ចិន កាលពីឆ្នាំមុនគឺពុំមានមេដឹកនាំជាក់លាក់ឡើយ។ ប៉ុន្តែការធ្វើបាតុកម្មនៅចុងសប្តាហ៍នេះត្រូវបានរៀបចំឡើងដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យ Thammasat នៅទីក្រុងបាងកក ដែលត្រូវបានគេស្គាល់ថាជាក្រុមមួយ ដែលមាននិន្នាការប្រឆាំងខ្លាំងទៅលើសែរាជវង្សនៅក្នុងប្រទេសថៃ៕ដោយ៖ស តារា